ក្រសួងសុខាភិបាលបានសម្រេចបិទរយៈពេលខ្លីស្នាក់ការធំធនាគារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីក្រសួងបានរកឃើញបុរសជនជាតិខ្មែរម្នាក់ជាបុគ្គលិកធនាគារចិននៅក្នុងអគារកាណាឌីយ៉ានេះផ្ទុកមេរោគកូវីដ១៩។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៣ ធ្នូនេះ បានបញ្ជាក់ទៀតថា បុរសខ្មែរដែលឆ្លងកូវីដ១៩ខាងលើ គឺជាអ្នកដែលបានប៉ះពាល់ជាមួយស្ត្រី អាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបុរស អាយុ២៣ឆ្នាំ រូបនោះ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សេចក្តីជូនព័ត៌មានដដែលក៍បានឲ្យដឹងបន្ថែមទៀតថា ក្រសួងក៍បានរកឃើញស្ត្រីខ្មែរម្នាក់ទៀតដែលត្រូវជាប្អូនបង្កើតរបស់បុរសខាងលើ ផ្ទុកមេរោគកូវីដ១៩ផងដែរ ហើយដែលស្ត្រីនេះអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។
យោងតាមក្រសួងសុខាភិបាល មកទល់នឹងម៉ោង៧ព្រឹក ថ្ងៃទី០៣ ធ្នូ ២០២០ អ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេសបានកើនដល់ ៣៣១នាក់ (គិតទាំងបុរសស្ត្រីខ្មែរ២នាក់បងប្អូនខាងលើ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ) ក្នុងនោះករណីជាសះស្បើយ ៣០៤នាក់(ស្ត្រី៦១នាក់) ។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន២៧នាក់ ក្នុងនោះ២២នាក់សម្រាកនៅមន្ទីរពេទ្យរុស្ស៊ី និង ០៥នាក់ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ព័ត៌មានចុងក្រោយ ធនាគារ កាឆេយូណាយធីត ដែលមានទីតាំងស្ថិតនៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ ក៍ត្រូវបានក្រសួងសុខាភិបាលបិទបណ្តោះអាសន្នមួយរយៈខ្លី បន្ទាប់ស្រ្តីខ្មែរខាងលើឆ្លងកូវីដ១៩ ៕