ទីបំផុតទៅនារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ត្រូវបានក្រសួងការបរទេសខ្មែរអន្តរាគមន៍ជួយសង្គ្រោះបានហើយ ។
នេះបើយោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃល្ងាចថ្ងៃពុធនេះ ។
ជាការកត់សម្គាល់ ការជួយសង្គ្រោះនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីនារីរងគ្រោះ អាយុ ២០ឆ្នាំ រស់នៅក្នុង ភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅ ស្រុកស្នួល ខេត្តក្រចេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយអំពានាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គការសិទ្ឋិមនុស្ស ឲ្យជួយអន្តរាគមន៍សង្គ្រោះនាងពីការបង្ខាំងធ្វើទារុណកម្មនិងចាប់បង្ខំរួមភេទនោះរួចមក។
សូមបញ្ជាក់ថា កន្លងមកមានស្ត្រីខ្មែរជាច្រើននាក់ដែលចាញ់បោកមេខ្យល់ ហើយត្រូវបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនចិន ចិនតៃវ៉ាន់ និងជនបរទេសផ្សេងៗទៀត ឬក៍ទៅធ្វើការតាមផ្ទះឲ្យជនបរទេសនៅក្រៅស្រុក បានទទួលរងគ្រោះដោយការធ្វើទារុណកម្ម ការបង្ខាំង និងពិសេសទារុណកម្មផ្លូវភេទ ប្រៀបដូចជាទាសករបម្រើកាមគុណ ហើយក៍ត្រូវបានរាជរដ្ឋាភិបាលអន្តរាគមន៍សង្គ្រោះជាច្រើននាក់ ក្រោយទទួលព័ត៌មានពីជនរងគ្រោះ ៕