បុគ្គលិកកាណាឌីយ៉ាម្នាក់ឆ្លងកូវីដ១៩ ក្រសួងបិទស្នាក់ការធំធនាគារកាណាឌីយ៉ា

ក្រសួងសុខាភិបាល​បាន​សម្រេច​បិទ​រយៈពេល​ខ្លី​ស្នាក់​ការ​ធំ​ធនាគារ​កា​ណា​ឌី​យ៉ា ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ជិត​ផ្លូវភ្លោះ​វត្ត​ភ្នំ នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ជា​បុគ្គលិក​ធនាគារ​ចិននៅក្នុងអគារកាណាឌីយ៉ានេះ​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​០៣ ធ្នូ​នេះ បាន​បញ្ជាក់​ទៀត​ថា បុរស​ខ្មែរ​ដែល​ឆ្លង​កូ​វី​ដ​១៩​ខាងលើ គឺជា​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី អាយុ​៣៦​ឆ្នាំ ដែល​រក​ឃើញ​វីរុស​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បុរស អាយុ​២៣​ឆ្នាំ រូប​នោះ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល​ក៍បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រសួង​ក៍បាន​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនបង្កើត​របស់​បុរស​ខាងលើ ផ្ទុកមេរោគ​កូ​វី​ដ​១៩​ផង​ដែរ ហើយ​ដែល​ស្ត្រី​នេះ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។​

​យោង​តាម​ក្រសួងសុខាភិបាល មក​ទល់​នឹង​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៣ ធ្នូ ២០២០ អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ប្រទេស​បាន​កើន​ដល់ ៣៣១​នាក់ (​គិត​ទាំង​បុរស​ស្ត្រី​ខ្មែរ​២​នាក់​បងប្អូន​ខាងលើ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ) ក្នុង​នោះ​ករណី​ជា​សះស្បើយ ៣០៤​នាក់​(​ស្ត្រី​៦១​នាក់​) ។ ចំណែក​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​២៧​នាក់ ក្នុង​នោះ​២២​នាក់​សម្រាក​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី និង ០៥​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ព័ត៌មានចុងក្រោយ ធនាគារ កា​ឆេ​យូ​ណាយ​ធី​ត ដែលមានទីតាំងស្ថិតនៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ ក៍ត្រូវបានក្រសួងសុខាភិបាលបិទបណ្តោះអាសន្នមួយរយៈខ្លី បន្ទាប់ស្រ្តីខ្មែរខាងលើឆ្លងកូវីដ១៩ ៕