ចេះតែឆ្ងល់ចោរលួចស្លាកលេខយកទៅណា ទាល់តែចាប់ម្ចាស់ការ៉ាស់ឡានទើបដឹង

អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ និង​រថយន្ត LEXUS RX 400h កែ​ច្នៃ​មួយ​គ្រឿង​តាម​ដីកា​សម្រេច​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ជាក់ស្តែង ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង ដើម្បី​យក​សួរនាំ​ដោយ​សង្ស័យ​ជាប់​ពាក់​ព័​ណ្ធ​អំពើ​ចោរកម្ម ឬ​ការ​ក្លែងបន្លំ​ផ្លា​ក​លេខ​។

ការ​ឃាត់ខ្លួន​បុរស​ខាង​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បឋម បានឱ្យ​ដឹង​ថា ក្រោយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ទទួល​បាន​ដីកា​សម្រេច​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ជាក់ស្តែង ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​សង្កាត់​ខ្សា​ម ខេត្តកំពង់ឆ្នាំង​រួច​មក កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 400h ពណ៌​សរ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ BD-9326 ដែល​មាន​ជនសង្ស័យ​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​ម្ចាស់​រថយន្ត​។​

​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន នេះ​មានមុខរ​បរជា​ម្ចាស់​កា​រ៉ា​ស​ជួសជុល​រថយន្ត​មួយ​កន្លែង និង​ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ទិញ​លក់​តែ​រថយន្ត​អត់​ពន្ធ​ទំនើប​ៗ ដូច​ជា​៖ CAMERY 2012, TUNTRA 2020, GS300, LEXUS RX 330 ឬ RX 400h, MAZDA PICK UP និង​រថយន្ត​សេរី​ទំនើប​ៗ​ជា​ច្រើន​ទៀត ដោយ​រថយន្ត​មួយ​គ្រឿង​ៗ​តម្លៃ​ចន្លោះ​ពី ៧,៥០០​ដុល្លារ ឬ​ត្រឹម​២០,០០០​ដុល្លារ ហើយ​ការ​ទិញ​លក់​នោះ ខ្លួន​មាន​បក្ខពួក​ខ្លួន និង​ឈ្មួញ​មួយ​ចំនួន​ចាំ​ទិញ​រថយន្ត​ទាំងនោះ​។ រីឯ​ឯកសារ​គឺ​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​ក្លែងក្លាយ​ឱ្យ និង​ជា​អ្នក​បំពាក់​ផ្លា​ក​លេខ រថយន្ត​ក្លែង ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុម​ចោរ​ឱ្យ​ថែម​ទៀត​ផង​។​

​ចំពោះ​ផ្លា​ក​លេខ​រថយន្ត គឺជា​ផ្លា​ក​លេខ​ដែល​ចោរលួច​យក​មក​លក់​ឱ្យឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន ដែល​ឈ្មោះ​នេះ​តែងតែ​ទិញ​ទុក ដើម្បី​ទុក​សម្រាប់​បំពាក់​លើ​រថយន្ត​។ ដោយឡែក​រថយន្ត​ដែល​ឃាត់ បាន​ខាងលើ​នេះ សមត្ថកិច្ច​​កំពុង​តែ​ស៊ើបអង្កេត​បន្ត​ថា​តើ​ជា​រថយន្ត​ដែល​លួច​គេ​មក ឬ​ជា​រថយន្ត​បាន​ទិញ​មកពីណា​។​

​គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក LEXUS RX 400h ពណ៌​ស ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ BD-9326 ក្រោយ​ការ​ស្រាវជ្រាវ ឃើញ​ថា ជា​ផ្លា​ក​លេខ​របស់​រថយន្ត តូ​យូ​តា​ហា​យ​ឡិន​ឌឺ (HIGH LANDER) ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ និង​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ GUO CHAOYANG (​គ័​រ ឆូវ​យ៉ាង​) រស់នៅ​ភ្នំពេញ មិនមែន​ជា​ផ្លា​ក​លេខ​រថយន្ត LEXUS RX 400h ពណ៌​ស​នោះ​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​សាធារណៈជន​ដែល​បាន​បាត់​ផ្លា​ក​លេខ​រថយន្ត ឬ​បាត់​រថយន្ត​ដូច​មាន​ក្នុង​ភិនភាគ ក្នុង​រូបភាព​នេះ​អាច​មក​ទំនាក់ទំនង​នៅ​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រថយន្ត​មក​ជាមួយ​ផង​៕

ប្រភព ៖ Happy News