អង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើផែនដី ដែលបានសម្រេចបញ្ចេញវ៉ាក់សាំង Pfizer-BioNTech ដាក់ឲ្យប្រើប្រាស់ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។
រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី០២ ធ្នូ ២០២០នេះថា វ៉ាក់សាំង Pfizer-BioNTech’s COVID-19 នឹងត្រូវបានផ្តល់ជូននៅទូទាំងចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយ ។
អ្វីដែលនៅសេសសល់នោះគឺគណៈកម្មាធិការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេសនឹងសម្រេចថាតើក្រុមអាទិភាពណាមួយ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងនិងព្យាបាលជាមុនដូចជា អ្នករស់នៅតាមផ្ទះបុគ្គលិកសុខាភិបាល បុគ្គលិកថែទាំមនុស្សចាស់ និងមនុស្សដែលងាយរងគ្រោះខ្លាំង។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសម្តែងការសប្បាយចិត្ត ដោយលោកបានថ្លែងថា វ៉ាក់សាំងនេះ នឹងការពារអាយុជីវិតរបស់ពលរដ្ឋអង់គ្លេស និងធ្វើឲ្យប្រសើរឡើងវិញសេដ្ឋកិច្ចជាតិ៕