លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌប្ញស្សីកែវនិងកងកម្លាំងនៃបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវចំនួន១៣នាក់ទៀត ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថ ដែលដាក់គោលដៅនៅក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ ចាក់សោឃាត់ខ្លួន ខណៈលោកអភិបាលរងខណ្ឌរូបនេះបានដឹកនាំកងកម្លាំងនៃបញ្ជាការឯកភាពខណ្ឌចុះទៅឃាត់សំណង់ដែលបានសាងសង់រំលោភលើដីរបស់រដ្ឋ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី០២ ធ្នូ ២០២០ នៅចំណុចអតីតក្រុមហ៊ុនម៉ាកវ៉ែល តាមផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រភពបានអោយដឹងទៀតថា នៅវេលាកើតហេតុខាងលើ គេឃើញកម្លាំងកងរាជអាវុធហត្ថប្រមាណជាង២០នាក់ បានចេញពីគោលដៅដែលបានសាងសង់រំលោភលើដីរបស់រដ្ឋព្រមទាំងចាក់សោបង្ខាំងមន្ត្រីរាជការរបស់សាលាខណ្ឌទាំងអស់ចំនួន ១៣នាក់ ដែលដឹកនាំដោយលោកអភិបាលរងខណ្ឌម្នាក់ ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង លោក ប្រាជ្ញ សីហា ក៏បានរាយការណ៍ទៅអភិបាលខណ្ឌ និងឃើញកម្លាំងនគរបាលជាច្រើននាក់ទៅអន្តរាគមន៍ ដោយមានការសម្របសម្រួលពីលោក ជា ពិសី អភិបាលខណ្ឌ ទើបកម្លាំងកងរាជអាវុធហត្ថ បានបើកទ្វារអោយចេញវិញ។
បើតាម Rasmei Kampuchea Daily បានបញ្ជាក់ទៀតថា ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច ចេញបានបន្តិចគេឃើញ កម្លាំងកងរាជអាវុធហត្ថ២រថយន្ត ប្រដាប់ដោយអាវុធខ្លី វែង បានទៅអន្តរាគមន៍នៅទីកើតហេតុផងដែរ ។
បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ដីអតីតក្រុមហ៊ុនម៉ាក់វែល ជាដីរបស់កំពង់ផែស្វយ័តភ្នំពេញ បានប្រគល់ឲ្យសាលារាជធានីភ្នំពេញ គ្រោងនឹងស្ថានបនាសួនច្បារចាប់ពីស្ពានជ្រោយចង្វារ ទៅដល់មុខអតីតសួនច្បារ សូគីម៉ិចតែគម្រោងសួនច្បារមិនដំណើរការក៏ទុកចោល។
ក្រោយមកដីនោះ ត្រូវកងរាជអាវុធហត្ថ ផ្ទៃប្រទេសសុំខ្ចីដាក់ចំណតទូក ។ នៅពេលថ្មីនេះតាមព័ត៌មានអោយដឹងថា ដីនោះបានទៅលើក្រុមហ៊ុនមួយ ស្រាប់តែឃើញកងរាជអាវុធហត្ថក៏បានបុកគ្រឹះប្រុងធ្វើដំណង់រឹងមាំទើបអាជ្ញាធរចុះទៅឃាត់ក៏មានរឿងកើតឡើងតែម្តង។
នៅរសៀល ថ្ងៃពុធដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតាមទូរសព្ទបានទេពីលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕