បុរសម្នាក់ បានអះអាងថា ខ្លួនបានបាត់លុយអស់៥០០០ដុល្លារ បន្ទាប់ចូលម៉ាស្សានៅហាងមួយកន្លែងនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ធ្នូ ២០២០ ។
បុរសដែលអះអាងថា ជាជនរងគ្រោះបាត់លុយ ឈ្មោះ រុន អេម អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណេីតនៅភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមជនរងគ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយបាត់លុយថា មុនពេលកើតហេតុ ខ្លួន(ជនរងគ្រោះ) រួមដំណើរដោយបុរស២នាក់ទៀត បានឡើងមកភ្នំពេញដេីម្បីយករថយន្តកូរ៉េមកលក់ ។ ពេលលក់រថយន្តបានលុយចំនួន១០៥០០ដុល្លារ ក៏នាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច ព្រោះធ្វើដំណើរផ្លូវឆ្ងាយ ។
បុរសរងគ្រោះបាននិយាយបន្តទៀតថា ខណៈគាត់ដោះខោអាវនិងកាបូបយកទៅព្យួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែកនៅខាងមុខហាងថា ..«ប៉ូលិសៗ មកហើយ »រួចបុរសមិនស្គាល់អត្តសញ្ញាណនោះ បានជិះម៉ូតូចេញទៅបាត់ ធ្វើឲ្យពួកគេទាំង៣នាក់ មានការភិតភ័យខ្លាចប៉ូលិសចាប់ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ រួចហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ។ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះកាបូបស្ពាយចេញ តែដោយមានការសង្ស័យកាបូបស្រាលពេកក៏ឆែកមើលស្រាប់តែបាត់លុយអស់៥០០០ដុល្លារ និងឃើញលុយដុល្លារខ្មោចចំនួន៦០០ដុល្លារទៅវិញ ។
លុះពេលដឹងបាត់លុយ ជនរងគ្រោះនិងអ្នករួមដំណើរក៍ហៅឡំប្រឺជិះទៅកន្លែងម៉ាស្សាវិញ ស្រាប់មកដល់ហាងម៉ាស្សាត្រូវគេបិទភ្លើងងងឹតឈឹង និងយកស្លាកយីហោចេញអស់ ក៍ជិះឡំប្រឺតាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ទាំងក្ដីអស់សង្ឃឹម ៕