កីឡាករប្រដាល់អាជីពលំដាប់ពិភពលោកនិងជាស្តេចប្រដាល់របស់ប្រទេសដែនកោះហ្វីលីពីន លោក Manny Pacquiao ត្រូវបានជ្រើតាំងជាប្រធានគណបក្ស Partido Demokratiko Pilipino-Laban ng Bayan (PDP-Laban) ។
នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្ស PDP-Laban កាលពីយប់ថ្ងៃទី០២ ធ្នូ ២០២០ ។
នៅក្នុងរាត្រីសមោរសរៀបចំដោយ PDP-Laban ដែលជាគណបក្សកាន់អំណាចរបស់ហ្វីលីពីន កាលពីថ្ងៃពុធកន្លងទៅនេះ លោក Manny Pacquiao ដែលបច្ចប្បន្នជាសមាជិកព្រឹទ្ឋសភាហ្វីលីពីនផងនោះ បានប្រកាសពង្រឹងគណបក្ស និងប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលលោកចាត់ទុកជាដើមចមនៃភាពក្រីក្រក្នុងប្រទេសហ្វីលីពីន។
លោក ប៉ាគីអៅ ឈ្មោះពេញ Emmanuel Dapidran Pacquiao កើតនៅថ្ងៃទី១៧ ធ្នូ ១៩៧៨ ក្នុងទីក្រុង Kibawe ខេត្ត Bukidnon ប្រទេសហ្វីលីពីន ។ លោក ប៉ាគីអៅ បានក្លាយជាសមាជិកព្រឹទ្ឋសភានៅឆ្នាំ២០១៦ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី Jinkee Jamora កាលពីឆ្នាំ១៩៩៩ និងមានកូន៥នាក់ ។
នៅក្នុងអាជីពប្រដាល់អន្តរជាតិនិងពិភពលោកនោះវិញ លោក ប៉ាគីអៅ កម្ពស់១.៦៨ម៉ែត្រ ទម្ងន់ ៦៦គីឡូក្រាម រូបនេះ បានឡើងប្រកួតចំនួន៧១ប្រកួត ឈ្នះ ៦២ ផ្តួលគូប្រកួតឲ្យសន្លប់លើសង្វៀនចំនួន៣៩ ចាញ់៧ និងស្មើ២ដង ។
តើលោក ប៉ាគីអៅ នឹងក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០២២ខាងមុខឬយ៉ាងណា ? ៕