រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបង្ហោះសារ ក្លែងព័ត៌មានអំពីកូវីដ-១៩ ដោយសារជឿលើសារជាសំឡេងរបស់ជនទុច្ចរិតមួយចំនួនដែលពួកគេមានបំណងចង់ធ្វើអោយវឹកវរក្នុងសង្គមខ្មែរនោះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ដើម្បីធ្វើការអប់រំ ។
នារីដែលសមត្ថកិច្ចឃាត់ខ្លួនអប់រំ មានឈ្មោះ ឈិន មន្ថា អាយុ៣៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic ។
ម្ចាស់គណនីឈ្មោះ Ka Piink រូបនេះបានបង្ហោះក្នុងគណនីរបស់ខ្លួនកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង ។
ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីបញ្ឈប់ការចែកចាយព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចលនៅក្នុងសង្គម ។ ទើបនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។
ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ស្ត្រីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។
ប្រជាពលរដ្ឋជាច្រើន ក៏បានសំណូមពរដល់ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មេត្តាស្រាវជ្រាវរក ប្រភពដើមនៃសំឡេងសារ ដែលពួកគេធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម បង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូល ។ គេនៅចាំបានថា សំឡេងសារដូចគ្នានេះ ធ្លាប់ ផ្ញើចែកបន្តគ្នា ធ្វើអោយមានការភ័យខ្លាចក្នុងសង្គមខ្មែរ ម្តងរួចមកហើយ អំឡុងពេល វីរុសកូវីដ១៩ ឆ្លង(ករណីនាំចូល) ក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០នេះ ៕