ដោយសំអាងថា មានការឯកភាពយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើមបង្ហាញអត្តសញ្ញាណអ្នកដែលផ្ទុកមេរោគកូវីដ១៩ ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ឋឲ្យបានឆាប់រហ័ស និង ឲ្យអ្នកពាក់ព័ន្ឋចេញមុខទាក់ទងមកក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ឋ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មានាទីមុននេះ ។
ក្រៅពីថាខ្លួននឹងបញ្ចេញអត្តសញ្ញាណអ្នកដែលត្រូវរកឃើញវិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាល ក៏ដាក់ចេញវិធានការដោយតម្រូវឱ្យគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័ករយពេល១៤ថ្ងៃ ពេញលេញ។ អ្នកដំណើរទាំងអស់ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ( Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។
ការដាក់ចេញនូវវិធានការខាងលើនេះ គឺបានកើតឡើងភ្លាមៗ បន្ទាប់ពីនៅថ្ងៃទី០៤ ធ្នូ ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត ដែលក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៧នាក់ ជាបុគ្គលិកហាងលក់សម្លៀកបំពាក់ Pedro និង អ្នកដំណើរ៣នាក់ ទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិក ៕