សមត្ថកិច្ច​អប់រំស្ត្រី​ម្នាក់​ ក្លែង​ព័ត៌មាន​អំពី​កូ​វី​ដ​-១៩ ជឿ​តាម​សារ​សំឡេង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បង្ហោះ​សារ ក្លែង​ព័ត៌មាន​អំពី​កូ​វី​ដ​-១៩ ដោយសារ​ជឿ​លើ​សារ​ជា​សំឡេង​របស់​ជន​ទុច្ចរិត​មួយ​ចំនួន​ដែល​ពួក​គេ​មាន​បំណង​ចង់​ធ្វើ​អោយ​វឹកវរ​ក្នុង​សង្គម​ខ្មែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការ​ខណ្ឌដង្កោ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​អប់រំ ។

នារី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​អប់រំ មានឈ្មោះ ឈិ​ន ម​ន្ថា អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១២ ផ្លូវ​SK05 បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ មានមុខរ​បរជា​អ្នកលក់​អន​ឡាញ ដែល​មាន​ផេ​ក​ឈ្មោះ MC Cosmetic ។

ម្ចាស់​គណនី​ឈ្មោះ Ka Piink រូប​នេះ​បាន​បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ ដែល​មាន​ខ្លឹមសារ​ថា “​ផ្សារ​ជំពូ​វ័​ន្ត​បិទ​ហើយ អ្នកលក់​ទូរស័ព្ទ​ម្នាក់​បាន​ស្លាប់ និង​បងប្អូន​គាត់​៥​នាក់​ទៀត​ក៏​បាន​ឆ្លង​ដែរ​” បន្ទាប់​មក​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​ចែករំលែក​ត​ៗ​គ្នា​ជា​ច្រើន ដោយ​ខ្លឹមសារ​នេះ​បាន​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ។

ដោយ​ឃើញ​ដូច្នេះ អគ្គស្នងការ​ស្តីទី បាន​ចេញ​បញ្ជា​ឲ្យ​នាយកដ្ឋាន​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​នេះ ដែល​អាច​បង្ក​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម ។ ទើប​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២​រសៀល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​គណនី​ខាងលើ ដើម្បី​យក​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស ។

ស្ត្រី​ឈ្មោះ ឈិ​ន ម​ន្ថា ដែល​ជា​ម្ចាស់​គណនី​នេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ដូច​ខាងលើ​នោះ​មែន ដោយ​ខ្លួន​បាន​ទទួល​សារ​ពី​មិត្តភក្តិ​តាម Messenger ហើយដោយ​ខ្វះ​ការ​ពិចារណា ខ្លួន​ក៏​បាន​បង្ហោះ​ព័ត៌មាន​នេះ​ទៅ​ក្នុង​គណនី​ផ្ទាល់​របស់​ខ្លួន បន្ទាប់​មក​ខ្លួន​ក៏​បាន​លុប​ចេញ​វិញ​ដោយ​មាន​អ្នក​ប្រាប់​ថា​ព័ត៌មាន​នេះ​មិន​ពិត​ទេ តែ​ខ្លួន​មិន​បានដឹង​ថា​មាន​អ្នក​យក​ទៅ​ចែកចាយ​បន្ត​យ៉ាងច្រើន​ដែល​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន​។ ស្ត្រី​ឈ្មោះ ឈិ​ន ម​ន្ថា ក៏​បាន​ធ្វើការ​សុំ​អភ័យទោស និង​សន្យា​ថា​ឈប់​ចែកចាយ​ព័ត៌មាន​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​ទៀត​ហើយ​។

ប្រជាពលរដ្ឋ​ជា​ច្រើន ក៏​បាន​សំណូមពរ​ដល់​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មេត្តា​ស្រាវជ្រាវ​រក ប្រភព​ដើម​នៃ​សំឡេង​សារ ដែល​ពួក​គេ​ធ្វើការ​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម បង្ក​ឱ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​ជាតិ​ទាំងមូល ។ គេ​នៅ​ចាំ​បាន​ថា សំឡេង​សារ​ដូច​គ្នា​នេះ ធ្លាប់ ផ្ញើ​ចែក​បន្ត​គ្នា ធ្វើ​អោយ​មានការ​ភ័យ​ខ្លាច​ក្នុង​សង្គម​ខ្មែរ ម្តង​រួច​មក​ហើយ អំឡុង​ពេល វីរុស​កូ​វី​ដ​១៩ ឆ្លង​(​ករណី​នាំ​ចូល​) ក្នុង​ប្រទេស​កម្ពុជា កាលពីដើម​ឆ្នាំ​២០២០​នេះ ៕