រាជធានីភ្នំពេញ ៖ លោកតា វណ្ណ មូលីវណ្ណ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថា ជាបិតានៃស្ថាបត្យកម្មខ្មែរ លោកបានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ។
ស្នាដៃចំបងៗ របស់លោកតា វណ្ណ មូលីវណ្ណ សុទ្ធសឹងមានលំនាំឬរចនាបថថ្មី ប៉ុន្តែឈរលើមូលដ្ឋានស្ថាបត្យកម្មខ្មែរ បត់បែនទៅតាមស្ថានភាពទីតាំង របៀបរស់នៅ រួមមាន ៖ សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់ សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជា ស្នាក់នៅ(១៩៦៥-១៩៦៧), វិមានរដ្ឋចំការមន, សាលមហោស្រពជាតិសុរាម្រឹត, អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន វិទ្យាស្ថានភាសាបរទេស, ទីស្តីការគណៈរដ្ឋមន្ត្រី, អគាររដ្ឋាភិបាល, អគារសិក្សាស្រាវជ្រាវ អគារឧស្សាហកម្ម អគារសាលាបច្ចេកវិទ្យា(តិចណូ) អាកាសយានដ្ឋានសៀមរាប មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ស្ថានទូតនៃព្រះរាជាណាចក្រខ្មែរនៅបរទេសខ្លះ និងអគារលំនៅដ្ឋាន ច្រើនជាង៦០អគារផ្សេងទៀតពាសពេញផ្ទៃប្រទេស ។
ក្នុងចំណោមស្នាដៃទាំងអស់ ការរចនាគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ កសាងនៅឆ្នាំ១៩៦៨ គឺជាស្ថាបត្យកម្មដ៏ធំនិងសំខាន់ ហើយក៏ជាគំរូ នៃស្ថាបត្យកម្មខ្មែរនាសម័យទំនើប កាលលោក វណ្ណ មូលីវណ្ណ នៅមានជីវិតលោកមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយ អោយដឹងថា “ផ្ទះនេះ មានអត្ថន័យណាស់សម្រាប់ខ្ញុំ និងគ្រួសារ” ដែលធ្វើអោយរំភើបចិត្តបំផុត ។
ស្រាប់តែ នៅថ្ងៃទី០៨ ឧសភា ២០២០ គេឃើញក្រុមហ៊ុនអចលនទ្រព្យ IPS បានប្រកាសលក់ផ្ទះនេះ ក្នុងតម្លៃ ៧លានដុល្លារ ។ ដោយបានសរសេរក្នុងគេហទំព័ររបស់ខ្លួនថា គេហដ្ឋាននេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ។
អ្នកយកព័ត៌មានកោះសន្តិភាពនៅមិនទាន់ទាក់ទងសុំការអត្ថាធិប្បាយពីកូនប្រុសរបស់លោក វណ្ណ មូលីវណ្ណ គឺលោក Gerard Vann បាននៅឡើយទេ រហូតមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ។ ខណៈដែលភ្នាក់ងារលក់អចលនទ្រព្យ IPS មួយរូប បានឆ្លើយថា គាត់មិនអាចផ្ដល់សម្ភាសន៍ព័ត៌មានលម្អិតទាក់ទងនឹងការលក់នេះជាមួយអ្នកសារព័ត៌មានទេ ៕