រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌី»ចោមចៅ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ពីក្រុមគ្រួសារស្ត្រីម្នាក់ថា គ្មានជំនាញច្បាស់លាស់ ស្ទើរតែធ្វើឲ្យនារីរងគ្រោះម្នាក់បាត់បង់ជីវិត ខណៈនាងធ្លាក់ខ្លួនពិការ ស្លាប់១ចំហៀងខ្លួន និងមានសតិខុសប្រក្រតី ប្រៀបដូចជាក្មេងអាយុ២ឆ្នាំ អ៊ីចឹង ។
ខណៈដែលនារីរងគ្រោះឈឺពោះសម្រាលកូនដំបូង ត្រូវបានក្រុមគ្រួសារនាំទៅកាន់មន្ទីរសម្រាក«សុវណ្ណឌី»ចោមចៅ ខាងលើ ហើយក្រុមគ្រូពេទ្យបានប្រាប់ថា នាងលើសថ្ងៃកើតទៅហើយ កូននៅមិនព្រមកើត ហើយសុខភាពខ្សោយណាស់ ទាល់តែសម្រាលដោយធ្វើការវះកាត់ ។ លុះពេលវះកាត់រួច នាងមានអាការធ្ងន់ធ្ងរហើយ ក្រុមគ្រួសារស្នើសុំឲ្យបញ្ជូនទៅកាន់មន្ទីរពេទ្យធំៗ បែរជាគ្រូពេទ្យមិនព្រមទេ ហើយថា មកពីនាងកើតជំងឺព្រាយក្រឡាភ្លើង និងប្រាប់ថា ទុកតាមដានសិន រហូតច្រើនម៉ោង ទាល់តែនាងមានអាការធ្ងន់ធ្ងរ ទើបបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែអកុសលនាងធ្លាក់ខ្លួនពិការ ស្លាប់១ចំហៀងខ្លួន និងមានសតិខុសប្រក្រតី ។
ម្សិលមិញនេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសារស្ត្រីខាងលើ បានធ្វើដំណើរទៅជួបជាមួយក្រុមគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី»ចោមចៅ ដើម្បីនិយាយគ្នាឲ្យទទួលខុសត្រូវលើករណីនេះ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកមួយនេះ បដិសេធន៍មិនព្រមទទួលខុសត្រូវអ្វីទាំងអស់ ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យប្ដឹងទៅកាន់អធិការកិច្ចក្រសួងសុខាភិបាល ដើម្បីរកយុត្តិធម៌ ។
ដោយឡែក ខាងមន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌី»ចោមចៅ បាននិយាយថា នេះគឺជារឿងរបស់អ្នកជំងឺទេ ព្រោះពេលវះកាត់មិនអី និងបានពិនិត្យច្បាស់លាស់ ទើបវះកាត់ លុះពេលវះកាត់រួច ជំងឺវិវឌ្ឍន៍បែបនេះ ។ ហើយក៏មានពេទ្យម្នាក់ នៅប្រចាំការ មើលដែរតើ ហើយពេទ្យមានទាំងរូបថត ពេទ្យម្នាក់នោះ ដែលនៅជាមួយនោះទៀតផង ។ មិនតែប៉ុណ្ណោះ ពេទ្យមិនមែនចេះ តែចង់បានលុយ ហើយបង្ខំឲ្យអ្នកសម្រាល កូនវះកាត់នោះទេ ទាល់តែមានការព្រមព្រៀងថា ចង់កើតបែបធម្មជាតិ ឬចង់កើតដោយការវះកាត់ ? នោះពេទ្យធ្វើការឲ្យទៅតាមនោះដែរ ។ ម្យ៉ាងវិញទៀត គ្រូពេទ្យទាំងអស់ មានទំនួលខុសត្រូវខ្ពស់ណាស់ ហើយក៏បានទៅសួរនាំដោយផ្ទាល់ និងឆាតទៅសួរ ខលទៅសួរ ជាប្រចាំផងដែរ មិនដូចជាការចោទប្រកាន់ឡើយ ហើយបើមិនទទួលខុសត្រូវ មិនមែនទាក់ទងទៅគ្រូពេទ្យព្រះកុសុមៈ ជួយសង្គ្រោះឡើយ ហើយនេះគឺជារឿងបុគ្គលផ្ទាល់ខ្លួនទេ រឿងរបស់អ្នកជំងឺមានអាការបែបនេះ ឲ្យពួកខ្ញុំធ្វើម៉េច ? ពួកខ្ញុំហាមឃាត់ម៉េចកើតទេ ហើយបើដឹងថា មានរឿងអ៊ីចឹងកើតឡើង ក៏ពួកខ្ញុំអត់វះកាត់ដែរ ។
ជាមួយគ្នានេះដែរ លោក សាត ណាត អាយុ៤៧ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បាននិយាយប្រាប់កោះសន្តិភាពថា កូនស្រីរបស់លោក ដែលស្ទើរតែអស់ជីវិត និងធ្លាក់ខ្លួនពិការស្លាប់១ចំហៀងខ្លួន ក្រោមស្នាដៃគ្រូពេទ្យខាងលើនោះ នាងមានឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ មានប្តី អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នាងទើបតែ សម្រាលកូនលើកដំបូងប៉ុណ្ណោះ ដោយកាលពីវេលាម៉ោងប្រហែ៨ ទៅម៉ោង៩ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នាងឈឺពោះសម្រាលកូន ហើយក្រុមគ្រួសារ បាននាំយកទៅកាន់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី»ចោមចៅ ដើម្បីឲ្យគ្រូពេទ្យជួយសម្រាល មិនហ៊ានរកពេទ្យឆ្មបរាយរង នោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយការនាំទៅកាន់មន្ទីសម្រាកព្យាបាល និងសម្ភពខាងលើនោះ ក៏ដោយសារតែមើលឃើញថា អាចសង្ឃឹមបានដែរ ។ លុះពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា កូននេះគ្រប់ខែ លើសថ្ងៃកើត ហើយនៅតែអត់ព្រមកើតទៀត ហើយសុខភាពខ្សោយណាស់ ទាល់តែ សម្រាលដោយការវះកាត់ ទើបបាន បើមិនមិនដូច្នេះទេ អាចបាត់បង់ជីវិតមិនខានឡើយ ។ ក្រោយពីគ្រូពេទ្យពន្យល់បែបនេះ រូបគាត់និងក្រុមគ្រួសារ បានយល់ព្រមឲ្យធ្វើការវះកាត់ ហើយគ្រូពេទ្យទារថ្លៃមុខកាំបិត ៦៥០ដុល្លារ លុះព្រមព្រៀងគ្នាហើយ គ្រូពេទ្យក៏បានធ្វើកិច្ចសន្យាឲ្យពួកគាត់ផ្ដិតមេដៃ និងប្រគល់លុយថ្លៃវះកាត់ រួចរាល់រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល ទើបចូលបន្ទប់វះកាត់ ។
លោក សាត ណាត បានបន្តទៀតថា ការវះកាត់រយៈពេលប្រហែលកន្លះម៉ោង ទើបរួចរាល់ និងសម្រាលបានកូនស្រីម្នាក់ លុះរយៈពេល១ម៉ោង ក្រោយពីវះកាត់រួច គឺនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល ស្រាប់តែកូនស្រីគាត់មានអាការៈឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង ដែលជាហេតុ ធ្វើឲ្យរូបគាត់និងក្រុមគ្រួសារមានការភិតភ័យ ពីសុវត្ថិភាពកូនស្រី ហើយបាននាំគ្នាសួរនាំ និងសំណូមសុំឲ្យគ្រូពេទ្យបញ្ជូនកូនស្រីគាត់ទៅកាន់មន្ទីរពេទ្យធំៗ ដែលមានជំនាញជាងនេះ ដូចជាមន្ទីរពេទ្យព្រះកុសុមៈ ឬមន្ទីរពេទ្យកាល់ម៉ែត្រ ជាដើម ប៉ុន្តែភ្លាមៗនោះ គ្រូពេទ្យបានប្រាប់ថា «ទុកតាមដានបន្តិចសិន ព្រោះការវះកាត់ គឺតែងតែមានការឈឺចាប់បែបនេះឯង»។ បន្ទាប់ពីគ្រូពេទ្យនិយាយបែបនេះ ពួកគាត់ក៏បានទ្រាំរហូតដល់វេលាម៉ោង៦ល្ងាច ថ្ងៃដដែល ខណៈដែលកូនគាត់មានអាការកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏និយាយទៅកាន់គ្រូពេទ្យទាំងនោះថា «បើសិនជាកូនស្រីខ្ញុំមានបញ្ហាអ្វីកើតឡើង (ស្លាប់) ខ្ញុំនឹងប្ដឹងពេទ្យឯងហើយ» ។ ពេលនោះ ទើបពេទ្យ ព្រមបញ្ជូនកូនគាត់ចេញ ហើយបានទាក់ទងហៅរថយន្តសាមុយមន្ទីរពទ្យព្រះកុសុមៈ ឲ្យទៅដឹកមកដឹកយកកូនស្រីគាត់ទៅសង្គ្រោះបន្ទាន់ ព្រមទាំងបានបញ្ជូនគ្រូពេទ្យម្នាក់ ទៅជាមួយផងដែរ ប៉ុន្តែពេលទៅដល់គ្រូពេទ្យម្នាក់ដែលទៅជាមួយនោះ បានទុកកូនគាត់ចោល រួចចាកចេញទៅបាត់ ហើយរយៈពេល៩ថ្ងៃហើយ មិនដែលឃើញក្រុមគ្រូពេទ្យ ឬម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី ចោមចៅ ណាម្នាក់ អើពើទៅមើលសួរនាំ និងពិភាក្សាថា ត្រូវធ្វើយ៉ាងណាឡើយ ។
លោក សាត ណាត បានបន្តទៀតថា ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យបានប្រាប់ថា ដោយសារការវះកាត់មិនស្អាត ធ្វើឲ្យឈាមហូរចូលដក់នៅក្នុងស្បូនយ៉ាងច្រើន បណ្ដាលឲ្យចុកចាប់ មិនតែប៉ុណ្ណោះបាន ដាច់សសៃឈាមថែមទៀតផង ហើយបើសង្គ្រោះយឺតយ៉ាវ នឹងត្រូវស្លាប់ ។ បន្ទាប់មក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ បានធ្វើការវះកាត់ឡើងវិញ យកឈាមនោះចេញ ព្រមទាំងកាត់ស្បូនចោលតែម្ដង ទើបកូនស្រីគាត់រួចផុតពីស្លាប់ ប៉ុន្តែអ្វីដែលសង្វេគបំផុតនោះគឺ ក្រោយពីដឹងខ្លួនឡើងវិញ បែរជាក្លាយទៅជាជនពិការ ស្លាប់១ចំហៀងខ្លួន និងមានសតិខុសប្រក្រតី ប្រៀបដូចជាក្មេងអាយុ២ឆ្នាំ ដូច្នោះដែរ ។ នេះហើយ គឺជាលទ្ធផល នៃពេទ្យគ្មានជំនាញ ដែលគិតតែពីចង់បានប្រាក់ ហើយអ្វីដែលគួរឲ្យសោកស្ដាយ បើដឹងថាខ្លួនឯងគ្មានជំនាញហើយ មិនព្រមបញ្ជូនកូនស្រីគាត់ទៅកាន់មន្ទីរពេទ្យធំៗ តាមសំណូមពរទេ បែរជាទុកនៅតាមដាន ដើម្បីចង់បានថ្លៃសេវាព្យាបាលបន្ថែមទៀត រហូតជិតស្លាប់ ទើបបញ្ជូនចេញ ទាំងមិនទទួលខុសត្រូវសោះ ។
ឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានសំណូមពរទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រសួងសុខាភិបាល មេត្តាជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង ៕