រាជធានីភ្នំពេញ ៖ កម្ពុជាក្រោយពីព្យាបាលជាសះស្បើយអស់នូវអ្នកជំងឺកូវីដ-១៩ បាន១០០ភាគរយ និងមិនមានការរកឃើញនូវការឆ្លងថ្មីនោះ នាថ្ងៃទី ២០ ឧសភា នេះក្រសួងសុខាភិបាល បានប្រកាសសម្រេចអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ ដែលក្នុងនោះមានដូចជា អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាបានវិញហើយ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ចេញផ្សាយ កាលពីថ្ងៃ២០ ឧសភា បានលើកឡើងថា យោងតាមចំណារឯកភាព ១៩ ខែឧសភា ឆ្នាំ២០២០ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើសំណើរបស់ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៨ ឧសភា ព្រមទាំងយោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ គណៈកម្មការអន្តរក្រសួង សូមធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ ) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជាវិញហើយ ។
ក្រសួងបន្តថា ក្នុងករណីមានអ្នកដំណើរណា ម្នាក់ ឬច្រើន ដែលត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ក្នុងករណីអ្នក នៅទីតាំងដែលដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ១៩ អវិជ្ជមាននោះ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅតាមហេដ្ឋានរៀងៗខ្លួនក្រោមការត្រួតពិនិត្យ ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីក្រសួងសុខាភិបាលដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៅថ្ងៃធ្វើចក្តាឡីស័ក ៕