ផ្ទះ​លោក វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ខ្មែរ កំពុង​ដាក់​លក់​ក្នុង​តម្លៃ ៧​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោកតា វណ្ណ មូលី​វណ្ណ ដែល​គ្រប់​គ្នា​សុទ្ធតែ​បានដឹង​ថា ជា​បិតា​នៃ​ស្ថាបត្យកម្ម​ខ្មែរ លោក​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ក្នុង​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ។

ស្នាដៃ​ចំបង​ៗ របស់​លោកតា វណ្ណ មូលី​វណ្ណ សុទ្ធ​សឹង​មាន​លំនាំ​ឬ​រចនាបថ​ថ្មី ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​ស្ថាបត្យកម្ម​ខ្មែរ បត់បែន​ទៅ​តាម​ស្ថានភាព​ទីតាំង របៀប​រស់នៅ រួម​មាន ៖ សាលសន្និសីទ​ចតុមុខ​, វិមាន​ឯករាជ្យ​, ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​, សំណង់​«​ផ្ទះ​១០០» ដែល​ត្រូវ​បាន​សាងសង់ សម្រាប់​បុគ្គលិក​ធនាគារជាតិ​កម្ពុជា ស្នាក់​នៅ​(១៩៦៥-១៩៦៧), វិមាន​រដ្ឋ​ចំការមន​, សាល​មហោស្រព​ជាតិ​សុរា​ម្រឹត​, អនុ​វិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន វិទ្យាស្ថាន​ភាសាបរទេស​, ទីស្តីការគណៈរដ្ឋមន្ត្រី​, អគារ​រដ្ឋាភិបាល​, អគារសិក្សា​ស្រាវជ្រាវ អគារ​ឧស្សាហកម្ម អគារ​សាលា​បច្ចេកវិទ្យា​(​តិច​ណូ​) អាកាសយានដ្ឋាន​សៀមរាប មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​ខ្មែរ​នៅ​បរទេស​ខ្លះ និង​អគារ​លំនៅ​ដ្ឋា​ន ច្រើន​ជាង​៦០​អគារ​ផ្សេង​ទៀត​ពាសពេញ​ផ្ទៃ​ប្រទេស ។

ក្នុង​ចំណោម​ស្នាដៃ​ទាំងអស់ ការ​រចនា​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ដែល​ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កសាង​នៅ​ឆ្នាំ​១៩៦៨ គឺជា​ស្ថាបត្យកម្ម​ដ៏​ធំ​និង​សំខាន់ ហើយ​ក៏​ជា​គំរូ នៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​ទំនើប កាល​លោក វណ្ណ មូលី​វណ្ណ នៅ​មានជីវិត​លោក​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​មួយ អោយ​ដឹង​ថា “​ផ្ទះ​នេះ មាន​អត្ថន័យ​ណាស់​សម្រាប់​ខ្ញុំ និង​គ្រួសារ​” ដែល​ធ្វើ​អោយ​រំភើបចិត្ត​បំផុត ។

ស្រាប់តែ នៅ​ថ្ងៃ​ទី​០៨ ឧសភា ២០២០ គេ​ឃើញ​ក្រុមហ៊ុន​អចលនទ្រព្យ IPS បាន​ប្រកាស​លក់​ផ្ទះ​នេះ ក្នុង​តម្លៃ ៧​លាន​ដុល្លារ ។ ដោយ​បាន​សរសេរ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា គេហដ្ឋាន​នេះ មាន​ទំហំ ៩២៤​ម៉ែត្រការ៉េ មាន​២​ជាន់ ដែល​មាន​បន្ទប់​ការិយាល័យ​ចំនួន​៤ បន្ទប់​ធំ​ទូលាយ​មួយ និង​បន្ទប់ទឹក​៥ ។

អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នៅ​មិន​ទាន់​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​កូនប្រុស​របស់​លោក វណ្ណ មូលី​វណ្ណ គឺ​លោក Gerard Vann បាន​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ។ ខណៈ​ដែល​ភ្នាក់ងារ​លក់​អចលនទ្រព្យ IPS មួយ​រូប បាន​ឆ្លើយ​ថា គាត់​មិន​អាច​ផ្ដល់​សម្ភាសន៍​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​លក់​នេះ​ជាមួយ​អ្នក​សារព័ត៌មាន​ទេ ៕