អតីតភរិយាអ្នកកំប្លែងនាយ ហុង ដា គឺអ្នកនាង ខ្មឹប ត្រូវបានគេឃាត់ទាន់ពេល បន្ទាប់ពីនាងបានដើរឡើងលើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរលើស្ពានកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ធ្នូ ២០២០ ។
បើតាមអ្នកធ្វើដំណើរដែលឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុនេះ គឺគាត់(អ្នកដំណើរសុំមិនឲ្យបញ្ចេញឈ្មោះ)បានឃើញស្ត្រី ដែលគេធ្លាប់ស្គាល់ថា ជាអតីតអ្នកកំប្លែងជើងចាស់ គឺអ្នកនាង ខ្មឹប បានដើរឡើងស្ពានទាំងទឹកភ្នែក លុះដើរឡើងបានដល់ពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចឃើញអ្នកនាងខ្មឹប ក៏តោងបង្កាន់ដៃស្ពានបម្រុងនឹងលោតទម្លាក់ខ្លួនចូលក្នុងទឹកទន្លេ ក៍ត្រូវអ្នកឃើញហេតុការណ៍ស្ទុះទៅចាប់ទាញចុះមក ក្រោមវិញ។
ក្រោយប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេច នាងខ្មឹប បានរៀបរាប់ទាំងទឹកថា នាងទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមាន អ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួល ផ្ទះគេ ក៏គេមិនជួលឲ្យដែរ មិនដឹងថា ស្នាក់នៅទីកន្លែងណា និងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លី លោតទឹកសម្លាប់ខ្លួន បញ្ចប់ជីវិតតែម្តងទៅ។
ជាចុងក្រោយ អ្នកនាងខ្មឹប បានលើកដៃម្រាមដប់សំពះអង្វរដល់ម្ចាស់ផលិតកម្ម ឬភោជនីយដ្ឋានដែលមានចិត្តសប្បុរស ឲ្យនាងបានចូលសម្តែងនិងច្រៀង ក្រែងបានកម្រៃចិញ្ចឹមជីវិតបន្តទៀត៕