ស្ត្រីជនជាតិអង់គ្លេសឈ្មោះ Margaret Keenan អាយុ ៩០ ឆ្នាំ បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានទទួលការចាក់វ៉ាក់សាំង Pfizer COVID-19 ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយបរទេស Keenan បានចូលទៅកាន់មន្ទីរពេទ្យនៃសាកលវិទ្យាល័យមួយក្នុងទីក្រុង Coventry ភាគកណ្តាលនៃប្រទេសអង់គ្លេស ដើម្បីទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ នៅម៉ោង០៦ និង ៣១ នាទីព្រឹកនៅថ្ងៃអង្គារនេះ គឺមួយយសប្តាហ៍មុនពេល Margaret Keenan ឈានចូលអាយុ ៩១ ឆ្នាំ ។
ក្រោយពីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ លោកស្រី បានមានប្រសាន៍ថា លោកស្រីមានអារម្មណ៍សប្បាយរីករាយ ហើយថាជាកាដូខួបកំណើតដំបូងបំផុតរបស់លោកស្រី ។
ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង ៤០លានដូសពីក្រុមហ៊ុន Pfizer-BioNTech ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះអាចមានវ៉ាក់សាំងត្រឹម ៨០០,០០០ដូសប៉ុណ្ណោះ សម្រាប់ចាក់ជូន ប្រជាជនអង់គ្លេសក្នុងដំណាក់កាលទី ១ ដែលចាប់ផ្ដើមពីថ្ងៃអង្គារនេះតទៅតែម្តង។ អង់គ្លេសក៏បានបញ្ជាទិញ វ៉ាក់សាំងបន្ថែម ៧លានដូសពីក្រុមហ៊ុនអាមេរិក Moderna ផងដែរ ហើយអាចនឹងទទួលបានការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។
Margaret Keenan នឹងត្រូវត្រឡប់មកទទួលការចាក់វ៉ាក់សាំងលើកទី២ នៅរយៈពេល ៣ ឬ ៤សប្ដាហ៍ខាងមុខ ៕