ខឹង​មិន​សង​១០​ម៉ឺន​រៀល កាប់​បងថ្លៃ​ជីដូនមួយ រួច​ដុត​សព​ឆេះ​ខ្លោច​រួញ​ក្រ​ញ៉​ង់​ក្នុង​ចម្ការ​កៅស៊ូ

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ជា​ជន​ដៃដល់ ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​បងថ្លៃ​ជីដូនមួយ រួច​ដុត​កម្ទេច​សាកសព​ចោល ជាមួយនឹង​ម៉ូតូ​១​គ្រឿង នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ ។

ជន​ដៃដល់​ឈ្មោះ បូ ណា​រិ​ន ហៅ​ធី អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​ស្រ​ចារ ស្រុក​ស្នួល និង​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរ បាល​ស្រុក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោយ​ធ្វើ​សកម្មភាព​មាន​រយះ​ពេល​ជាង​១​ឆ្នាំ​។ មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ចំនួន​ន​១០​ម៉ឺន​រៀល​តែ​មិន​ព្រម​សង​វិញ​។

ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ រួច​បាន​ដុត​កម្ទេច​សាកសព​ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ដោយសារ​មូលហេតុ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ចំនួន​ន​១០​ម៉ឺន​រៀល​តែ​មិន​ព្រម​សង​វិញ​។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​គេចខ្លួន​មួយ​រយះ​ពេល​។ តែ​ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​ហ្មតចត​ពី​ន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ទើប​កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ន​ម្នាក់​នេះ តែ​ម្តង ។

សូម​រម្លឹក​ឡើង​វិញ​ថា ឃាតកម្ម​ដ៏​សាហាវយង់ឃ្នង​មួយ ដោយ​ប្រ​ជ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ខ្លោច​រួញ​ក្រ​ញ៉​ង និង​ខ្មោច​ម៉ូតូ​១​គ្រឿង ត្រូវ​បាន​គេ​ដុត​សម្លាប់​ក្នុង​ភ្នក់ភ្លើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ មិថុនា ២០១៩ ចំណុច​ដី​ឡូ​តិ៍​កៅស៊ូ​ចម្ងាយ​ពី​ផ្លូវលំ ប្រមាណ​ជា​១០០​ម៉ែត្រ ត្រង់​ចំណុច​ផ្លូវ​កាំភ្លើង​ធំ ក្នុង​ឡូ​តិ៍​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ស្នួល ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

ជន​រង​គ្រោះ ដែល​ត្រូវ​គេ​ដុត​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ មានឈ្មោះ ខុ​ម សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ (​កន្លង​មក​ធ្លាប់​បាន​ប្រើប្រាស់​សារធាតុ​ញៀន​) ។

បើ​តាម​សម្តី​លោកយាយ​របស់​យុវជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១០​ព្រឹក ចៅប្រុស​រូប​នេះ​បាន​សុំ​លុយ​គាត់ ចំនួន​២០០០​រៀល ដើម្បី​ចូល​ទៅ​កាប់​អុស​ក្នុង​ចម្ការ​កៅស៊ូ បន្ទាប់​ពី​គាត់​ឲ្យ​លុយ​ហើយ ចៅប្រុស​រូប​នេះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់កា​រ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​កាំបិត​ផ្គាក់ ចេញ​ទៅ​តែ​ម្នាក់ឯង​បាត់​ទៅ ។

យាយ​យុវជន​រង​គ្រោះ បាន​បន្ត​ថា លុះដល់​វេលា​កើតហេតុ ម៉ោង​១២​នាទី​រសៀល ស្រាប់តែ​មាន​កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់ ប្រទះ​ឃើញ​សាកសព​ចៅប្រុស​របស់​គាត់​ឆេះ​ស្លាប់​នៅ​ក្បែរ​ម៉ូតូ ខ្លោច​រួញ​ក្រ​ញ៉​ង់ មើល​លែង​ស្គាល់​ទៅ​ហើយ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

យាយ​យុវជន​រង​គ្រោះ បាន​បន្ថែម​ថា ក្រោ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ហ៊ុម​ព័ទ្ធ និង​បាន​ហៅ​គាត់​ទៅ​ពិនិត្យ​សាកសព ទើប​ដឹង​ថា ជា​ចៅប្រុស​របស់​គាត់ ។

កាលនោះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កោសល្យវិច័យ​និង​ពិនិត្យ​សាកសព ឃើញ​មាន​ស្រា​បៀរ​ចំនួន​៣​កំប៉ុង ប្រអប់​ស្នោរ​ចំនួន​១ ក្រៅពី​នោះ​ពុំ​មាន​អ្វី​គួរ​កត់សម្គាល់​ទេ ។ បន្ទាប់​មក សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ ក្រោយ​គេចខ្លួន​ជាង​១​ឆ្នាំ ៕