ក្រសួង​អប់រំ កំណត់​យក​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០២១ ប្រឡង​បាក់​ឌុ​ប​(​ឆ្នាំ​សិក្សា​២០១៩-២០២០)

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​រៀបចំ​ការ​ប្រឡង​បាក់​ឌុ​ប​(​ឆ្នាំ​សិក្សា​២០១៩-២០២០) នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ និង​បាន​ផ្ញើ​ជូន​ទៅ​លោក ហេង វ៉ា​ន់​ដា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ។

នៅ​ក្នុង​លិខិត លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ថា ក្រសួង​សម្រេច​កំណត់​សម័យ​ប្រឡង ៖ ១១ មក​រា ២០២១ ជា​កាលបរិច្ឆេទ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ ។ ក្រសួង​នឹង​ចេញ​សេចក្តីណែនាំ​លម្អិត​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សូម​រម្លឹក​ថា ក្រសួង​អប់រំ ធា្ល​ប់​បាន​ពន្យា​ពេល នៃ​ការ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​ប្រឡង​បាក់​ឌុ​ប​) ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​កម្ពុជា​ជួប​ប្រទះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដើម្បី​ការពារ​ការ​ចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា សម្រាប់​បេក្ខជន ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ក្នុង​ឆ្នាំ​២០២០​នេះ គឺ​មាន​ជាង​១២​ម៉ឺន​នាក់ ដែល​នឹង​ចូលរួម​ប្រឡង​នៅ​ថ្ងៃ​ទី​១១ ខែមករា ខាង​មុខ​នេះ ៕