បុគ្គលជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញម្នាក់ ឈ្មោះ លោក ថន វីរៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុ ថា លោក ថន វីរៈ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ហើយ អាចសង្ស័យជាប់ព័ន្ធនិងមុខរបរណាមួយមិនស្របច្បាប់។
ផ្ទុយទៅវិញ បើយោងតាមរយៈលិខិតមួយច្បាប់ ដែលអង្គភាព«នគរដ្រេហ្គន» ទើបទទួលបាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា លោក ថន វីរៈ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពនឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ ។
ជាមួយគ្នានេះ នាពេលថ្មីៗនេះ លោក ថន វីរៈ បានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើអោយអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។
ទីបំផុត ! បញ្ជាការដ្ឋានអង្គរក្ស សូមអោយលោកអភិបាលខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើលោក ថន វីរៈ យកឈ្មោះអង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់ ។
ក្រោយពីមានរឿងអាស្រូវមិនចេះចប់ គាត់មិនត្រឹមតែបានសុខ មានឱកាសរកសុីដោយភាពមិនប្រក្រតីប៉ុណ្ណោះទេ គាត់ក៏ឡើងតួនាទីថ្មីថែមទៀត គឺកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ សម្រេចតែងតាំងនិងផ្តល់ឋានៈ លោក ថន វីរៈ ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ វិញ បានអោយដឹងថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា លោក ថន វីរៈ ដែលធ្លាប់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធបញ្ហាដីធ្លី បែរជាត្រូវបានតែងតាំងពីទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ទៅវិញ ។
ដោយឡែក តាមប្រភពព័ត៌មានមួយទៀត បានអោយដឹងថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគាតរ២លើក គឺ មួយលើកករណីឃាតកម្ម និង លើកទី២ ពាក់ព័ន្ធការឈូសឆាយដីនៅឧទ្យានជាតិរាម ខេត្តព្រះសីហនុ ជាបុគ្គលដែលមានជាប់ពិរុទ្ធភាព ហេតុអីក៏មានអ្នករត់ការឱ្យមានតំណែង។ នេះជាកម្មវត្ថុមួយដែលថ្នាក់លើ អាចធ្វើការស្រាវជ្រាវ។
មន្ត្រីខ្លះ បានធ្លោយថា លោក ថន វីរៈ ពេលនេះ ក៏កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនករណី នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ មិនទាន់ចប់នៅឡើយ ។ ដូច្នេះអ្នករត់ការឱ្យគាត់ឡើងតំណែងនេះក៏មិនសូវស្រៀវខ្លួននៅឡើយ អាចលេចដើមចមអ្វីមួយមិនខាន ។
ទោះជាយ៉ាងណាក៏ដោយ អង្គភាព«នគរដ្រេហ្គន» មិនទាន់បានទទួលការបំភ្លឺ ឬបកស្រាយណាមួយពី លោក ថន វីរៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕
ប្រភព៖ នគរដ្រេហ្គន