ទើបចេញពីមណ្ឌលអប់រំ នាងខ្មឹបអស់ផ្លូវដើរ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន

អតីត​ភរិយា​អ្នក​កំប្លែង​នាយ ហុង ដា គឺ​អ្នក​នាង ខ្មឹ​ប ត្រូវ​បាន​គេ​ឃាត់​ទាន់​ពេល បន្ទាប់​ពី​នាង​បាន​ដើរ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ស្ពាន​កាលពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ធ្នូ ២០២០ ។​

​បើ​តាម​អ្នក​ធ្វើ​ដំណើរ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នេះ គឺ​គាត់​(​អ្នកដំណើរ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​)​បានឃើញ​ស្ត្រី ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​អតីត​អ្នក​កំប្លែង​ជើង​ចាស់ គឺ​អ្នក​នាង ខ្មឹ​ប បាន​ដើរ​ឡើង​ស្ពាន​ទាំង​ទឹកភ្នែក លុះ​ដើរ​ឡើង​បាន​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​ឈរ​យំ​មួយសន្ទុះ រួច​ឃើញ​អ្នក​នាង​ខ្មឹ​ប ក៏​តោង​បង្កាន់ដៃស្ពាន​បម្រុង​នឹង​លោត​ទម្លាក់​ខ្លួន​ចូល​ក្នុង​ទឹកទន្លេ ក៍​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ស្ទុះ​ទៅ​ចាប់​ទាញ​ចុះ​មក ក្រោម​វិញ​។​

​ក្រោយ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​មិន​បាន​សម្រេច នាង​ខ្មឹ​ប បាន​រៀបរាប់​ទាំង​ទឹក​ថា នាង​ទើបតែ​ចេញ​មក​ពី​មណ្ឌល​កែប្រែ ហើយ​មិន​មាន អ្នក​ណា​ម្នាក់ អើពើ​នឹង​ជួយ​សុខទុក្ខ​នោះ​ទេ សូ​ម្បី​តែ​ទៅ​ជួល ផ្ទះ​គេ ក៏​គេ​មិន​ជួល​ឲ្យ​ដែរ មិនដឹង​ថា ស្នាក់​នៅ​ទីកន្លែង​ណា និង​ទីពឹង​អ្នក​ណា​នោះ​ទេ ទើប​សម្រេចចិត្ត​គិត​ខ្លី លោតទឹក​សម្លាប់​ខ្លួន បញ្ចប់ជីវិត​តែ​ម្តង​ទៅ​។​

​ជា​ចុង​ក្រោយ អ្នក​នាង​ខ្មឹ​ប បាន​លើកដៃ​ម្រាម​ដប់​សំពះ​អង្វរ​ដល់​ម្ចាស់​ផលិតកម្ម ឬ​ភោជនីយដ្ឋាន​ដែល​មានចិត្ត​សប្បុរស ឲ្យ​នាង​បាន​ចូល​សម្តែង​និង​ច្រៀង ក្រែង​បាន​កម្រៃ​ចិញ្ចឹមជីវិត​បន្ត​ទៀត​៕