រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងបាក់ឌុប(ឆ្នាំសិក្សា២០១៩-២០២០) នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី១០ ខែធ្នូ និងបានផ្ញើជូនទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។
នៅក្នុងលិខិត លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា ក្រសួងសម្រេចកំណត់សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមរម្លឹកថា ក្រសួងអប់រំ ធា្លប់បានពន្យាពេល នៃការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាជួបប្រទះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដើម្បីការពារការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
បើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី១១ ខែមករា ខាងមុខនេះ ៕