បុរស២នាក់បងប្អូនត្រូវបាននកងកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ឋ ពីបទរួមគ្នាចាប់រំលោភកូនស្រីបង្កើតនិងជាក្មួយ ។
បើតាមសមត្ថកិច្ច បុរសជាប្តីនិងជាឪពុកមានឈ្មោះ ហួន ហូរ អាយុ ៣១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង និង ឈ្មោះ ហួន ឧត្តម ហៅដំ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា ត្រូវជាប្អូនបង្កើតរបស់បុរសខាងលើ និងជាពូបង្កើត របស់កុមារី រងគ្រោះអាយុ៣ឆ្នាំ។
ចំណែកស្ត្រីដែលមកដាក់ពាក្យប្តឹងកាលពីថ្ងៃទី១០ ធ្នូ ២០២០ ឈ្មោះ លុយ ស្រីពេជ្រ អាយុ ២១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ជាម្តាយកុមារីរងគ្រោះ។
ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី រងគ្រោះឈ្មោះ(ច. ណ)បានឆ្លើយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កើត រួមគ្នាជាមួយពូបង្កើតខាងលើនេះ ចាប់រំលោភសេពសន្ថវ: ចំនួន០២ដងក្នុងអំឡុង ពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លើយ សារភាពអំពី សកម្មភាពរបស់ខ្លួននៅឡើយទេនៅចំពោះមុខ សមត្ថកិច្ចនគរបាល តែយ៉ាងណាក៏ដោយ ក្នុងពេលឃាត់ខ្លួនបុរសទាំងពីរ នេះសមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួននៅជាមួយបុរស ទាំងពីរ នេះផងដែរ។
ក្រោយការការសាកសួរនោះរួចមក នគរបាលក្រុងបាត់ដំបង ក៍បានបញ្ជូនជនសង្ស័យទាំងពីរនាក់មកកាន់ការិយាល័យជំនាញដើម្បីស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃម្សិលមិញនេះ ៕