ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ស ខេង នឹងធ្វើការស្រាវជ្រាវករណី លោក ថន វីរៈ ដែលទើបតែងតាំងជាទីប្រឹក្សាលោក ស ខេង ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលយកប្រាក់បំណាច់មុខងារ និងត្រូវបានប្រព័ន្ឋផ្សព្វផ្សាយចោទថា លោក ថន វីរៈធ្លាប់ត្រូវបានបណ្តេញចេញពីបញ្ជាការដ្ឋានកងអង្គរក្ស រឿងអាស្រូវជាច្រើនករណីផ្សេងទៀតរាប់ទាំងការឆបោកទិញដី និងធ្លាប់ជាប់ពន្ឋនាគារជាដើម ។
នេះបើយោងតាម លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យលោក ស ខេង ដែលសរសេរបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃម្សិលមិញ ។
បុគ្គលជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញម្នាក់ ឈ្មោះ លោក ថន វីរៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុ ថា លោក ថន វីរៈ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ហើយ អាចសង្ស័យជាប់ព័ន្ធនិងមុខរបរណាមួយមិនស្របច្បាប់។
កាលពីថ្ងៃទី២០ កុម្ភៈ ២០២០ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា លោក ថន វីរៈ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពនឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ និងថា លោក ថន វីរៈ បានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើអោយអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។
នៅក្នុងលិខិតផ្ញើជូនអភិបាលខេត្តព្រះសីហនុរបស់បញ្ជាការដ្ឋានអង្គរក្ស ក៍បានស្នើឲ្យលោកអភិបាលខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើលោក ថន វីរៈ យកឈ្មោះអង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់ ។
ក្រោយពីមានរឿងអាស្រូវមិនចេះចប់ ឈ្មោះ ថន វីរៈ មិនត្រឹមតែបានសុខ មានឱកាសរកស៊ីដោយភាពមិនប្រក្រតីប៉ុណ្ណោះទេ ថន វីរៈ ក៏ទទួលបានតួនាទីថ្មីថែមទៀត ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៩ ធ្នូ ២០២០ ។
ដោយឡែក តាមប្រភពព័ត៌មានមួយទៀត បានអោយដឹងថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគាតរ២លើក គឺ មួយលើកករណីឃាតកម្ម និង លើកទី២ ពាក់ព័ន្ធការឈូសឆាយដីនៅឧទ្យានជាតិរាម ខេត្តព្រះសីហនុ ជាបុគ្គលដែលមានជាប់ពិរុទ្ធភាព ហេតុអីក៏មានអ្នករត់ការឱ្យមានតំណែង។ នេះជាកម្មវត្ថុមួយដែលថ្នាក់លើ អាចធ្វើការស្រាវជ្រាវ។
មន្ត្រីខ្លះ បានធ្លោយថា លោក ថន វីរៈ ពេលនេះ ក៏កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនករណី នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ មិនទាន់ចប់នៅឡើយ ។ ដូច្នេះអ្នករត់ការឱ្យគាត់ឡើងតំណែងនេះក៏មិនសូវស្រៀវខ្លួននៅឡើយ អាចលេចដើមចមអ្វីមួយមិនខាន ។
តាំងពីថ្ងៃសុក្រម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី១២ ធ្នូ ២០២០ «អង្រុត» មិនអាចរការសុំបំភ្លឺតាមទូរសព្ទបានទេពីលោក ថន វីរៈ៕