លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងហាក់មានជំនឿថាខ្លួនលោកមានបារមី ទើបកាន់តំណែងបានយូរជាងគេក្នុងប្រវត្តិសាស្ត្រនាយករដ្ឋមន្ត្រីនៅស្រុកខ្មែរខាងលើនេះ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ពាក់ព័ន្ឋនឹងបញ្ហាជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៥ ធ្នូ ២០២០នេះ ។
យ៉ាងណា ក្រៅពីការលើកឡើងហាក់ថាខ្លួនលោកបារមី លោកក៍មិនភ្លេចបញ្ជាក់ថាលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនោះដែរ ។
បើតាមលោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជារបស់លោកពិបាកនរណាយកឈ្នះណាស់ ព្រោះមានបណ្ឌិតច្រើនណាស់ ហើយថាគ្រាន់តែនៅក្នុងគ្រួសាររបស់លោក មានបញ្ញវន្តជាង១០នាក់ទៅហើយ ដែលពួកគេ(កូនចៅរបស់លោក)សុទ្ឋតែរៀនចប់ថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា។
ដោយរំឮក ពីការកាន់តំណែងយករដ្ឋមន្ត្រីនៅកម្ពុជារាប់តាំងពីសម័យសង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែររបស់លោក លន់ នល់ សម័យខ្មែរក្រហម លោក ហ៊ុន សែន ក៍រំឮកពីឈ្មោះលោក ប៉ែន សុវណ្ណ កាន់តំណែងបានប្រមាណ៥ខែ លោក ចាន់ ស៊ី ប្រមាណ២ឆ្នាំកន្លះ គឺលោកកាន់តំណែងយូរជាងគេតាំងពីឆ្នាំ១៩៨៥រហូតមកទល់នឹងពេលនេះ ។
បើទោះបីជាលោក ហ៊ុន សែន មិនបានលើកចំឈ្មោះអ្នកដែលចង់កាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងណាក្តី ក៍ក្រុមអ្នកតាមដាននយោបាយនិងមជ្ឈដ្ឋាននានាមួយចំនួន បានមើលឃើញថា លោកប្រមុខរាជរដ្ឋាភិបាលសំដៅទៅដៃគូប្រកួតប្រជែងនយោបាយចាស់វស្សារបស់លោក នោះគឺលោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ។ នៅក្នុងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជានិងប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនទៀត នាព្រឹកមិញនេះ លោក ហ៊ុន សែន ក៍បានថ្លែងដែរថា អ្នកដែលចង់អង្គុយកៅអីជំនួសតំណែងរបស់លោក ត្រូវមើលខ្លួនឯងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬនៅ ពិសេសមានបារមីឬអត់ លោកថាជឿទៅអាគមផ្សំអាយុ បើគ្មានបារមីទេ ក្រែងអង្គុយមិនបានយូរដូចលោក ៕