លោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកធ្វើអត្ថាធិប្បាយរិះគន់ភាពអសកម្មភាពនានារបស់មន្ត្រីមួយចំនួនតូចនៅលើបណ្តាញសង្គមហ្វេសប៊ុក បានដៀលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាអាឈាមថោក ។
នៅលើផេកហ្វេសប៊ុកផ្លូវការ លោក ផែង វណ្ណៈ បានសរសេរយ៉ាងដូច្នេះ«អាឈាមថោក សម រង្សី រៃអង្គាសលុយអ្នកគាំទ្របានលុយរាប់លានដុល្លារ យកទៅចាយវាយតាមចិត្ត តែ អាឈាមថោក សម រង្សី មិនដែលធ្វើរបាយការណ៍ចំណាយអោយអ្នកគាំទ្របានដឹងទេ ។ឥលូវឃើញប្រជាពលរដ្ឋឈប់គាំទ្រវា ហើយងាកមកគាំទ្ររដ្ឋាភិបាល បែជាអាឈាមថោក សម រង្សី លាបពណ៌ប្រជាពលរដ្ឋថា ជាអ្នកលាងលុយទៅវិញ ។»។
ដោយឡែក លោក ជុំ កុសល ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មាននោះវិញ ក៍បានវាយប្រហារធ្ងន់ៗទៅកាន់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដោយចាត់ទុកថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនោះថាជាមនុស្សល្ងង់ ។
នៅលើផេកហ្វេសប៊ុកផ្លូវការផងដែរ លោក ជុំ កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយនៅលើវិទ្យុបាយ័នបានសរសេរបញ្ជាក់ដូច្នេះ«ក្រុមនេះបានបោះជំហានដើរផុតពីបន្ទាត់នយោបាយប្រជាធិបតេយ្យសេរីហើយប្រែកាយជាក្រុមអាណាធិបតេយ្យជ្រកក្រោមស្លាក « នយោបាយ » គ្រាន់តែជាទុនខ្លះសម្រាប់ទុកបោកប្រាស់អ្នកគាំទ្រដែលងប់ងល់ក្រៅប្រទេសមួយចំនួនគ្រាន់ដកដង្ហើមបន្តរស់តែប៉ុណ្ណោះ ។ ពួកគេគ្មានផ្លូវតស៊ូនយបាយឆ្ពោះទៅមានការផ្លាស់ប្តូរដូចដែលគេនិយាយនោះទេគឺបានត្រឹមតែធ្វើសកម្មភាពបែបឧទ្ទាមពីខាងក្រៅតាមប្រព័ន្ធទំនាក់ទំនងសង្គមដូចឃើញសព្វថ្ងៃនេះឯង ។ ការជ្រើសយកមាគ៌ានយោបាយបម្រើផលប្រយោជន៍បរទេសដូចក្រុមអ្នកនយោបាយទសវត្ស៧០ក្នុងយុគថ្មីនេះគឺពិតជាល្ងង់ខ្លៅពេកហើយៗបើនៅតែបន្ត ជោគវាសនារបស់ពួកគេគឺប្រហែលជាគ្មានឱកាសបានមកជាន់ទឹកដីកំណើតរបស់ខ្លួនឬក៏បើមកក៏គេចមិនផុតពីសំណាញ់ច្បាប់ដែរ ព្រោះរាល់អំពើរបស់ពួកគេគឺជាអំពើបំផ្លាញជាតិខ្លួនឯង ៕»។
គេនៅមិនទាន់ឃើញមានប្រតិកម្មភ្លាមៗនៅឡើយទេ ពីសំណាក់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជុំវិញការវាយប្រហាររបស់លោក ផែង វណៈ និង លោក ជុំ កុសល ខាងលើនេះ ៕