រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់អតីតជាអ្នកលក់ផលិតផលតាមអនឡាញ ពាក់ព័ន្ធករណីឆបោកប្រាក់ពីអតិថិជនចំនួនជិត១លានដុល្លារអាមេរិក មកដល់ពេលនេះ សមត្ថកិច្ចបាន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាអតីតតំណាងលក់ផលិតផល CTM (គ្រឿងសំអាង) របស់លោកស្រី ទ្រី ដាណា ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចំនួន១២នាក់ ដោយប្រមូលលុយបានជាង១លានដុល្លារ ដែលបុគ្គលរូបនេះ បានយកឈ្មោះលោកស្រី ទ្រី ដាណា ទៅឆបោកលុយកូនតំណាងបន្ដទៀត ។
ការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួន ។ ដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។
រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ ណើ ចាន់ត្រា ស្ថិតនៅបូរីពិភពថ្មី២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕