ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ។
នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសរសេរបង្ហោះនៅហ្វេសប៊ុកផេកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៩ ធ្នូ ២០២០ ។
បើតាម លោក ហ៊ុន សែន ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា ។
គេនៅចាំបានថា កាលពី៨ឆ្នាំមុន លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា កម្ពុជានឹងឃើញដំណក់ប្រេងរបស់ខ្លួនលើកដំបូងនៅម៉ោង១២ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ប៉ុន្តែនៅហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី បានពន្យល់ពីមូលហេតុនៃការពន្យារពេលបូមប្រេងរហូតមកទល់នឹងថ្ងៃនេះយ៉ាងដូច្នេះ«កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
ក្រៅពីការលើកឡើងថា ការបូមប្រេងលើកដំបូងរបស់ខ្លួន គាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)របស់លោក លោក ហ៊ុន សែន ក៍ចាត់ទុកការឃើញដំណក់ប្រេងលើកដំបូងជាប្រវត្តិសាស្ត្រនេះថាជា«ពរជ័យសម្រាប់ប្រជាជននិងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ ។
កិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុក A ដែលមានទំហំសរុប ៣០៨៣គីឡូម៉ែត្រការ៉េ ត្រូវរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន Kris Energy ធ្វើការផលិតលើទំហំ១៩៨គីឡូម៉ែត្រការ៉េ ។ តំបន់ដែលគេអះអាងថាមានប្រេងនៅប្លុក A គឺស្ថិតក្នុងអាងសមុទ្រកម្ពុជាក្នុងតំបន់ឈូងសមុទ្រថៃ ហើយវាមានជម្រៅចន្លោះពី៥០ម៉ែត្រទៅ៨០ម៉ែត្រ និងត្រូវបានគេអះអាងថាអាចផលិតប្រងបាន៧០០០បារ៉ែលក្នុងមួយថ្ងៃ លើចំណុះប្រេងសរុបដែលគេប៉ានស្មានថាមានប្រមាណ៣០លានបារ៉ែលនៅក្នុងប្លុក A ៕