ជនជាតិយួនប្រុសស្រី២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ឋនាគារពី២០ទៅ២៥ឆ្នាំ និងពិន័យប្រាក់ពី៤០ទៅ៦០លានរៀល ពីបទជួញដូរគ្រឿងញៀនទម្ងន់ជាង១គីឡូក្រាម ។
បើតាមសាលក្រមដែលប្រកាសនៅព្រឹកថ្ងៃទី១២ មករា ២០២១ ជនត្រូវចោទទាំង២នាក់នោះ ម្នាក់ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលចំនួន២៥ឆ្នាំ ពិន័យជា ប្រាក់ចំនួន៦០លានរៀលចូលថវិការដ្ឋ
និងស្ត្រីឈ្មោះ វ៉ ថាញ់ហុង អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀល ចូលថវិការដ្ឋ។
ជនជាតិយួនទាំង២នាក់ ត្រូវបានកងកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ដោយឡែក កាលពីថ្ងៃទី៣១ កក្កដា ២០១៩កន្លងទៅ ស្ត្រីខ្មែរមួយរូប ត្រូវបានតុលាការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀន ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម ។
ស្ត្រីរូបនេះមានឈ្មោះ មៀច ស្រីនាង កើតនៅឆ្នាំ១៩៩៣ រស់នៅរាជធានីភ្នំពេញ ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួននៅព្រំដែនអន្តរជាតិ បាវិត – ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ។ ក្រោយឃាត់ខ្លួន ប៉ូលិសវៀតណាម បានរកឃើញថា បាន ជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន៥កញ្ចប់ ទម្ងន់ជិត ៥០០០ ក្រាម ។
គិតត្រឹមថ្ងៃទី១២ មករា ២០២១ គេនៅមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីខ្មែរខាងលើនៅឡើយទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធ៌មនិងក្រសួងការរទេសនិងសហប្រតិបត្តិការអន្តរជាតិបានខិតខំប្រឹងប្រែងដើម្បីនាំយកស្ត្រីខ្មែររូបនោះមកផ្តន្ទាទោសតាមច្បាប់កម្ពុជានិងស្របតាមបត្យាប័នរវាងប្រទេសជិតខាងទាំងពី២ ។
ពាក់ព័ន្ឋនឹងការផ្តន្ទាទោសជនជាតិយួនទាំង២នាក់ខាងលើ និងវាសនាស្ត្រីខ្មែរដែលតុលាការប្រជាជនខេត្តតៃនិញរបស់វៀតណាមផ្តន្ទាទោសប្រហារជីវិតនោះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធ៌ម ក៍ដូចជាលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៕