WHO ៖ វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី បង្ក​ជា​បញ្ហា​ប្រឈម​ខ្ពស់​បន្ថែម​ទៀត​ដល់​មន្ទីរពេទ្យ​នានា

WHO ៖ លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១​ថា វីរុស​កូ​រ៉ូ​ណា បំប្លែង​ខ្លួន​ថ្មី​ដែល​នៅ​តែ​បន្ត​ឆ្លង​រាលដាល គឺ​មាន​បញ្ហា​ខ្ពស់ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​បន្ថែម​ទៀត និង​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាន់តែ​ច្រើន​ទៀត ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ មិន​ត្រូវ​បាន​បង្ក្រាប​ភ្លាម​ៗ​ទេ​នោះ ។

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មួយ​អោយ​ដឹង​ថា ទីភ្នាក់ងារ​សុខភាព​ពិភពលោក ត្រូវ​បាន​គេ​ជូនដំណឹង​កាលពី​ចុង​ស​ប្ដា​ហ៍​អំពី​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មួយ ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ជប៉ុន ។

កាលពី​ថ្ងៃអាទិត្យ វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង​របស់​ជប៉ុន បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​វីរុស​កូ​រ៉ូ​ណា​បំប្លែង​ខ្លួន​ថ្មី លើ​អ្នកដំណើរ ៤​នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ។ វិទ្យាស្ថាន​នេះ បាន​បន្ត​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ ទំនងជា​មានការ​វិវត្តន៍​ខ្លះ ដូច​គ្នា​នឹង​វីរុស​បំប្លែង​ខ្លួន​ដទៃ​ទៀត ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អា​មេ​រិ​ក បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ថា នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 បំប្លែង​ខ្លួន​ប្រភេទ​ថ្មី យ៉ាង​ហោច​ណាស់ ៦៣​នាក់ ៕