អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចរក្សាទុកដើមឈើចំនួន៣ដើម ដែលមានអាយុកាលជាង៣០០ឆ្នាំវិញ ស្ថិតនៅផ្លូវភ្លោះសួនកាណាឌីយ៉ា និង មន្ទីរពេទ្យព្រះអង្គឌួង ដោយហេតុផលអាយុកាលច្រើនឆ្នាំ ហើយក៏ផ្ដល់ប្រយោជន៍ជាម្លប់ដល់ពលរដ្ឋធ្វើដំណើរតាមដងវិថីកន្លងមក។
ការសម្រេចមិនកាប់ចោលវិញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ មករា ២០២១ ខណៈលោក ឃួង ស្រេង ចុះត្រួតពិនិត្យដើមឈើចំនួន៣ដើម ដែលចាស់ទ្រុឌទ្រោមខាងលើ ។
ដើមឈើ៣ដើមដែលកាលពីសប្តាហ៍មុនសម្រេចថាកាប់ ឥឡូវសង្ស័យសុបិនមិនល្អសម្រេចមិនកាប់វិញនេះ ឈ្មោះថា «ដើមគីនីន» ឬពលរដ្ឋខ្លះហៅថា «ដើមគ្រាប់បែក» ។
បើតាមលោក ឃួង ស្រេង រដ្ឋបាលសាលារាជធានីភ្នំពេញ បន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើម ដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំ សាមុត បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីចុងសប្តាហ៍មុនថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានប្រមាណ៥០ដើម និងមានអាយុកាលប្រមាណជាង ៣០០ឆ្នាំមកហើយ ហើយថាក្រោយពីកាប់យកចេញ៣ដើម អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពី៣ដើមនេះ អង្គភាពរបស់លោក នឹងកាត់លះមែកចេញផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ៕