ជួញដូរគ្រឿងញៀនដូចគ្នា ខុសគ្នាត្រង់ទម្ងន់និងច្បាប់ យួនជាប់គុក ខ្មែរប្រហារជីវិត

ជនជាតិ​យួន​ប្រុស​ស្រី​២​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ពី​២០​ទៅ​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៤០​ទៅ​៦០​លាន​រៀល ពី​បទ​ជួញដូរ​គ្រឿងញៀន​ទម្ងន់​ជាង​១​គីឡូក្រាម ។​

​បើ​តាម​សាលក្រម​ដែល​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០២១ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ម៉ា​យ ហា្វ​ន​ទៀន​ថា​ញ់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​ចំនួន​២៥​ឆ្នាំ ពិន័យ​ជា ប្រាក់​ចំនួន​៦០​លាន​រៀល​ចូល​ថវិការដ្ឋ​
​និង​ស្ត្រី​ឈ្មោះ វ៉ ថា​ញ់​ហុង អាយុ​៣១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​ចំនួន​២០​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៤០​លាន​រៀល ចូល​ថវិការដ្ឋ​។​

​ជនជាតិ​យួន​ទាំង​២​នាក់ ត្រូវ​បាន​កងកម្លាំង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​ដោយឡែក កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៩​កន្លង​ទៅ ស្ត្រី​ខ្មែរ​មួយ​រូប ត្រូវ​បាន​តុលាការ​ប្រជាជន​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម បាន​សម្រេច​កាត់ទោស​ប្រហារជីវិត ពី​បទ​ជួញដូរ​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន​កម្ពុជា វៀតណាម ។​

​ស្ត្រី​រូប​នេះ​មានឈ្មោះ មៀ​ច ស្រី​នាង កើត​នៅ​ឆ្នាំ​១៩៩៣ រស់នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប៉ូលិស​វៀតណាម​ចាប់ខ្លួន​នៅ​ព្រំដែន​អន្តរជាតិ បា​វិត – ម៉ុ​ក​បៃ នា​ច្រក​ខាង​ខេត្ត​តៃ​និ​ញ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ។ ក្រោយ​ឃាត់ខ្លួន ប៉ូលិស​វៀតណាម បាន​រក​ឃើញ​ថា បាន ជួញដូរ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៥​កញ្ចប់ ទម្ងន់​ជិត ៥០០០ ក្រាម ។​

​គិត​ត្រឹម​ថ្ងៃ​ទី​១២ មក​រា ២០២១ គេ​នៅ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​ស្ត្រី​ខ្មែរ​ខាងលើ​នៅឡើយ​ទេ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​យុ​ត្តិ​ធ៌​ម​និង​ក្រសួង​ការ​រទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​នាំ​យក​ស្ត្រី​ខ្មែរ​រូប​នោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​កម្ពុជា​និង​ស្រប​តាម​បត្យាប័ន​រវាង​ប្រទេស​ជិតខាង​ទាំង​ពី​២ ។​

​ពាក់​ព័​ន្ឋ​នឹង​ការ​ផ្តន្ទាទោស​ជនជាតិ​យួន​ទាំង​២​នាក់​ខាងលើ និង​វាសនា​ស្ត្រី​ខ្មែរ​ដែល​តុលាការ​ប្រជាជន​ខេត្ត​តៃ​និ​ញ​របស់​វៀតណាម​ផ្តន្ទាទោស​ប្រហារជីវិត​នោះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេពី​លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម ក៍​ដូច​ជា​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ៕