នគរបាលព្រហ្មទណ្ឌ​ ឃាត់ខ្លួនប្រធានក្រុមហ៊ុនដុកទ័រ សុខភាព និងសម្រស់

ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​ថៅកែ​ក្រុមហ៊ុន King Diamond World co.,ltd (​ដុក​ទ័​រ​សុខភាព​និង​សម្រស់​) តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ករណី​រំលោភ​លើ​ទំនុកចិត្ត ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែល​ជា​ក្រុមហ៊ុន ចែកចាយ និង​នាំ​ចូល​ផ្តាច់មុខ នូវ​ផលិតផល​ទុយោ​ទឹក ម៉ាក ស្ពឺ​ន និង ប្រូ​ហ្វី​ត ពី​រោងចក្រ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​នាំ​ឡេ​យក​មក​លក់​ចែកចាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​។

យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ូច ល​ក្ខិ​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ០៣ ផ្លូវ ស៊ី ( C ) ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃ​ទី​២១ ខែមិថុនា​ឆ្នាំ​២០២០ នៅ​ម្តុំ​វិមាន​ឯករាជ្យ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះជា​ម្ចាស់​ដើមបណ្តឹង​ឈ្មោះ ឡូ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ EAMLO Import & Export Co.Ltd បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ូច ល​ក្ខិ​ណា និង​បក្ខពួក ២​នាក់​ទៀត គឺ​ឈ្មោះ ណៃ វិទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ២១៤ ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ម្នាក់​ទៀត ឈ្មោះ ម៉ែ​ន មនោ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ​ក្រុមហ៊ុន ហ៊ួ​ត ជា ផ្លូវ​លេខ ១៩២៨ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​ជន​រង​គ្រោះ រយៈពេល​ពីរ​បី​ឆ្នាំ​មក​ហើយ ។ តែ​ចាប់តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ពួក​គេ​បាន​ធ្វើ​សកម្មភាព​អូស​ទាញ​អតិថិជន​ធំ​ៗ​ជា​ច្រើន ដូច​ជា​គម្រោង​បុរី សង្ឃឹម​ថ្មី , បុរី​ចតុមុខ ស៊ី​ធី , ដេប៉ូ ពៅ កន និង​អតិថិជន​ផ្សេង​ៗ​ទៀត ឲ្យ​បញ្ឈប់​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​របស់​ជន​រង​គ្រោះ និង​បាន​ញុះញង់​អូស​ទាញ​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ឲ្យ​ឈប់​ធ្វើការ ថែម​ទៀត​ផង ។

ម្ចាស់​ដើមបណ្តឹង​រៀបរាប់​បន្ត​ថា បុគ្គល​ទាំង​៣​រូប​នេះ បាន​ព្រួត​ដៃ​គ្នា ប្រើ​ល្បិច​កល់​គ្រប់​បែប​យ៉ាង ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​របស់​ជន​រង​គ្រោះ​ដួល​រលំ ហើយ​ពួក​គេ​អូស​ទាញ​អតិថិជន​ទាំងអស់​ដែល​ធ្លាប់តែ​ទិញ​ទំនិញ​របស់​ក្រុមហ៊ុន​របស់​ជន​រង​គ្រោះ ឲ្យ​ទៅ​ទិញ​ទំនិញ​នៅ​ក្រុមហ៊ុន​របស់​ពួក​គេ វិញ​។

ដោយឡែក ឈ្មោះ អ៊ូច ល​ក្ខិ​ណា និង​ប្រពន្ធ​ឈ្មោះ ណៃ មួយ​អ៊ី​ម បាន​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ ដុក​ទ័​រ សុខភាព និង សម្រស់ ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​នេះ ។

ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ទាំង​៣​នាក់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ តាំងពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ មក​ម្លេះ​។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ អ៊ូច ល​ក្ខិ​ណា នេះ សមត្ថកិច្ច​ទើបតែ​ចាប់​នា​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ នេះ​។ ចំណែក​បក្ខពួក​ជនសង្ស័យ ២​នាក់​ទៀត សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ផង​ដែរ ៕