ប្រឡាយទឹកមួយខ្សែ ដែលប្រជាពលរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់យកទឹកស្រោចស្រពស្រែនិងដំណាំផ្សេងៗត្រូវបានឈ្មួញងារជាឧកញ៉ាម្នាក់ ត្រូវពលរដ្ឋចោទរំលោភចាក់ដីលុប ។
ប្រឡាយទឹកខាងលើនេះ ស្ថិតនៅក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ បើតាមប្រជាពលរដ្ឋ ឧកញ៉ាដែលរំលោភចាក់ដីលុបប្រឡាយនោះ ឈ្មោះ លោកឧកញ៉ា តាំង ផេងប៉ោ អគ្គនាយកក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយនូវថ្នាំលាប Dulux ។
ជុំវិញការចោទប្រកាន់ខាងលើនេះ «អង្រុត» មិនអាចរកការសុំបំភ្លឺតបបានទេពីលោកឧកញ៉ា តាំង ផេងប៉ោ ក៍ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋាន ។
យ៉ាងណាក៍ដោយ លោកឧកញ៉ា តាំង ផេងប៉ោ បានថ្លែងប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃម្សិលមិញថា លោកមិនបានដឹងរឿងចាក់ដីលុបប្រឡាយទឹកខាងលើនេះទេ ពោលគឺអ្វីៗទាំងអស់អ្នកម៉ៅការជាអ្នកធ្វើ ហើយលោកឧកញ៉ា សូមអរគុណអាជ្ញាធរដែលមានវិធានការបញ្ហានេះ ។
លោកឧកញ៉ា តាំង ផេងប៉ោ បន្តថា តាមការសាកសួរទៅ គឺ នេះមិនមែនជាការចាក់ដីរំលោភប្រឡាយទឹក នោះទេ គ្រាន់តែដាក់ទម្រគ្រឿងចក្រ ប៉ុណ្ណោះ ហើយក្រោយរួចរាល់គឺ នឹងដកចេញវិញ ភ្លាម មិនអោយមានការរំលោភដីប្រឡាយទឹក ឡើយ ។
លោកឧកញ៉ា តាំង ផេងប៉ោ បន្តទៀតថា «ដីនេះក៏មិនមែនជាដីកម្មសិទ្ធិក្រុមហ៊ុនរបស់លោកដែរ ហើយក៏មិនមានគម្រោងសាងសង់ រោងចក្រអ្វី នោះទេ» ។
អគ្គនាយកក្រុមហ៊ុន តាំង ផេងប៉ោ អះអាងទៀតថា លោកមិនមានចេតនា ចង់រំលោភប្រឡាយទឹករបស់ប្រជាពលរដ្ឋ ឬ ធ្វើអោយប្រជាពលរដ្ឋ ក្តៅក្រហាយ និង អោយអាជ្ញាធរឈឺក្បាល ព្រោះតែបញ្ហាបន្តិចបន្តួច នេះទេ ៕