២០ឆ្នាំចុងក្រោយ កម្ពុជាបាត់បង់ព្រៃឈើជាង២លានហិកតា

ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៩ ព្រៃ​ឡង់​បាន​បាត់បង់​ប្រមាណ ៤៧ ៤០០​ហិ​កតា ក្នុង​នោះ​គ្រាន់តែ​នៅ​ឆ្នាំ​២០១៩ បាត់បង់ ៧៥១០​ហិ​កតា កើន​លើស​៧៣% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ។​

​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ។​

​បើ​តាម​របាយការណ៍​ដដែល ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៍​ច្រើន​បំផុត​ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​បំផ្លាញ​រហូត​ទៅ​ដល់​ជាង​១​ម៉ឺន​ហិ​កតា ។​

​របាយការណ៍​បញ្ជាក់​ទៀត​ថា​  ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទំហំ​ជាងគេ​បំផុត​ទី​១០​លើ​ពិភពលោក គឺ​ចាប់តាំងពី​ឆ្នាំ​២០០០​មក កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង​២​លាន​ហិ​កតា ស្មើនឹង​២៦%​នៃ​ព្រៃឈើ​សរុប​។​

​សូម​បញ្ជាក់​ថា ព្រៃ​ឡង់​មាន​ផ្ទៃដី​សរុប​ប្រមាណ​៥០​ម៉ឺន​ហិ​កតា ដោយ​គ្របដណ្តប់​ក្នុង​ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង ខេត្តស្ទឹងត្រែង ។​

​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជុំវិញ​របាយការណ៍​ដែល​ស្រាវជ្រាវ​ដោយ​សកល​វិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ខាងលើ​នេះ ប៉ុន្តែ​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា រដ្ឋាភិបាល​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​ទេ តែ​ថា​រដ្ឋាភិបាល​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​ការពារ​ព្រៃ​ឡង់ ៕