កម្មការិនីម្នាក់និងឪពុក ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយអំពើឃាតកម្មសម្លាប់យ៉ាងព្រៃផ្សៃបំផុត ប៉ុន្តែជនសង្ស័យជាឃាតកក៍ត្រូវបានអាជ្ញាធរយួនចាប់បានផងដែរ ។
បើតាមវិទ្យុសម្លេងខ្មែរក្រោម បានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ មិថុនា ២០២០ នៅក្នុងគ្រួសារមួយ ស្ថិតនៅភូមិជ្រៃភេ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម បច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ។
ក្រោយហេតុការណ៍ប៉ុន្មានម៉ោង ជនសង្ស័យដែលមិនត្រូវបានអាជ្ញាធរយួនមិនទាន់បង្ហាញអត្តសញ្ញាណនោះ ក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងមិនទាន់បញ្ជាក់ជាករណីអ្វីនោះនៅឡើយដែរ ។
ជនរងគ្រោះជាកម្មការិនីខ្មែរក្រោម ឈ្មោះ ថាច់ ធីសាភា អាយុ ៣៦ នៅវេលាម៉ោង ១០ យប់ បានចេញមកពីធ្វើការរោងចក្រ រួចហើយក៏ទៅងូតទឹកនៅក្រោយផ្ទះរបស់ខ្លួន ស្រាប់តែឃាតក លបមកវាយសម្លាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ដោយឮសម្លេងកូនស្រីស្រែកខ្លាំង ឪពុក ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ក៏រត់ចេញមកជួយ តែក៏ត្រូវបានឃាតកសម្លាប់ទាំងពីរតែម្តង។
គិតត្រឹមម៉ោង១១និង៤២នាទីថ្ងៃត្រង់ថ្ងៃទី០១ កក្កដា ២០២០នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីរាជរដ្ឋាភិបាលខ្មែរ ជុំវិញឃាតកម្មខាងលើ ព្រោះខ្មែរកម្ពុជាក្រោមត្រូវបានរដ្ឋធម្មនុញ្ញចាត់ទុកជាខ្មែរដែរនោះ ៕