ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចចម្លងទៅមនុស្ស ហើយនឹងអាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។
ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះ ត្រូវបានដាក់ឈ្មោះថា «G4 virus ឬ G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានឱ្យដឹងទៀតថា G4 virus អាចចម្លងពីសត្វជ្រូកទៅមនុស្ស ប៉ុន្តែវាមានសក្ដានុពលអាចក្លាយទៅជាជំងឺឆ្លងរាតត្បាត សកលដែលអាចឆ្លងយ៉ាងងាយ ពីមនុស្សទៅមនុស្សនៅពេលអនាគត។
ក្រុមអ្នកជំនាញជាន់ខ្ពស់អាមេរិកប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លងសហរដ្ឋអាមេរិក បានព្រមានថា វីរុសថ្មីខាងលើនេះ អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកល បន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ហេតុដូច្នេះសហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់ចំពោះវាបន្ថែមទៀត។
កាលពីឆ្នាំ២០០៩ សហរដ្ឋអាមេរិក បានកើតមានករណីឆ្លងជំងឺ H1N1 រហូតដល់ទៅ ៦០.៩លានករណី ក្នុងនោះអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យមានចំនួន ២៧៤,០០០នាក់ និងបាត់បង់ជីវិត ១២,៤៦៩នាក់។ ដោយឡែកសម្រាប់ជំងឺ COVID-19 វិញ ករណីឆ្លងនៅអាមេរិកសរុបមានជាង ២.៧លានករណី ក្នុងនោះស្លាប់ ១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង ១.១៤លាននាក់ ៕