រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក វង សូត បានធ្វើការអំពាវនាវកាលពីថ្ងៃម្សិលមិញ ឲ្យពលរដ្ឋដែលមានបណ្ណសមធម៌ ហើយមិនទាន់បើកប្រាក់ ឲ្យរួសរាន់ទៅបើកសាច់ប្រាក់ឧបត្ថម្ភប្រចាំខែមិថុនា ឲ្យបានមុនថ្ងៃ២៤ខែកក្កដានេះ ។
បើតាមលោក រដ្ឋមន្ត្រីដដែលករណី ពលរដ្ឋមិនបានបើកឲ្យបានមុខថ្ងៃទី២៤ ខែកក្កដា គឺលែងទទួលបានប្រាក់ខែឧបត្ថម្ភសម្រាប់ខែមិថុនាហើយ លោកថារៀងរាល់ខែ ពលរដ្ឋក្រីក្រអាចបើកប្រាក់ឧបត្ថម្ភប្រចាំខែ បាននៅថ្ងៃទី២៥។
មិនខុសគ្នាពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនោះទេ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថ្មីៗថា ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ គឺបើកបាននៅក្នុងថ្ងៃ២៥ មានន័យថា គិតត្រឹមថ្ងៃទី២៥ខែចាស់ ដល់ថ្ងៃ២៤ខែថ្មី។ លោក បន្ថែមថា អ្នកមានបណ្ណសមធម៌អាចទៅបើកប្រាក់ថ្ងៃណាក៏បាន ប៉ុន្តែបើដល់ថ្ងៃ២៥ខែថ្មី គឺមិនអាចបើប្រាក់ឧបត្ថម្ភខែចាស់បានទៀតឡើយ គឺបើកបានតែប្រាក់ឧបត្ថម្ភក្នុងខែថ្មីប៉ុណ្ណោះ។
លោក ថ្លែងដូច្នេះថា៖«ប្រាក់ឧបត្ថម្ភនេះ ដូចប្រាក់ខែអ៊ីចឹងគឺបើកប្រចាំខែ។ ការកំណត់បែប គឺយើងមិនចង់ឲ្យពលរដ្ឋធ្វើតាមចិត្តនោះទេ រយៈពេលទុកឲ្យ១ខែហើយ។ បើមិនបានបើកទេ ដល់ថ្ងៃ២៥អាចបើកប្រាក់ខែប្រចាំខែថ្មីបានបន្តទៀតបាន ប៉ុន្តែយើងមិនកំណត់ឬអនុញ្ញាតបូកទឹកប្រាក់ខែចាស់ដែលមិនបានឲ្យចូលនោះទេ»។
ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដានេះ ពលរដ្ឋក្រីក្រជាង៤២ម៉ឺនគ្រួសារ ដែលមានបណ្ណសមធម៌ បានបើកប្រាក់ឧបត្ថម្ភជាង៧៤ពាន់លានរៀល (ជាង១៨លានដុល្លារ) ពីរដ្ឋាភិបាល។ ចំនួន៤២ម៉ឺនគ្រួសារនេះ គឺស្មើនឹង៨០ភាគរយនៃគ្រួសារក្រីក្រដែលក្រសួងផែនការចុះស្រង់ទិន្ន័យជុំទី១ មានប្រមាណ៥៦ម៉ឺនគ្រួសារ៕