ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលាឡើងវិញនៅខែក្រោយ

ក្រសួង​អប់រំ យុវជន​និង​កីឡា នឹង​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ពី​ការ​បើក​សាលារៀន​ឡើង​វិញ​តាម​ដំណាក់កាល​នីមួយ​ៗ​នៅ​ខែសីហា ឆ្នាំ​២០២០​ខាង​មុខ ។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ នឹង​ធ្វើ​ឡើងជា​៣​ដំណាក់កាល​ផ្សេង​ៗ​គ្នា ដោយ​ដំណាក់កាល​ទី​១៖ សាលារៀន​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​, ដំណាក់កាល​ទី​២៖ សាលារៀន​មាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី​៣៖ សាលារៀន​មាន​ស្តង់ដា​អប្បបរមា​។​

​លោក រស់ សុ​វាចា បន្ត​ថា នៅ​ពេល​នេះ​សម្រាប់​ដំណាក់កាល​ទី​១ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ពិភាក្សា​លើ​វិធានការ​សុខុមាលភាព និង​កត្តា​សង្គម​-​សេដ្ឋកិច្ច ហើយ​ថា​នា​ពេល​ខាង​មុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជម្រាប​សាធារណៈជន​ពី​កាលបរិច្ឆេទ និង​វិធានការ​ចាំបាច់​នានា​សម្រាប់​ដំណាក់កាល​ទី​១​។​

​ចំណែកឯ​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ចំណុះ​ឲ្យ​ដំណាក់កាល​ទី​១ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ លើ​ដំណាក់កាល​ទី​១ រួច​នឹង​បន្ត​ពិនិត្យ​ករណី​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ យោង​លើ​ផែនការ​ដែល​ក្រសួង​បាន​រៀបចំ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។​

​សូម​បញ្ជាក់​ថា ក្រោយ​ពី​មេរោគ​កូ​វី​ដ​១៩ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​តំបន់​និង​ពិភពលោក ជា​ពិសេស បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ដំបូង​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ២០២០ ៕