ក្រសួងអប់រំ នឹងបញ្ជាក់កាលបរិច្ឆេទ បើកសាលាឡើងវិញ នៅសប្តាហ៍នេះ
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីប្រកាសព័ត៌មាន ក្នុងសប្តាហ៍នេះ ដើម្បីកំណត់ពីពេលវេលាជាក់លាក់ ក្នុងការចាប់ផ្តើមបើកសាលាឡើងវិញ ដោយចាប់ផ្តើម ទៅតាមដំណាក់កាលៗ ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់អោយដឹងថា បើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលជំហររបស់ក្រសួងអប់រំ យុវជន និងកីឡា លើការ បើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាម ០៣ដំណាក់កាល ដោយដំណាក់ កាលទី១ សាលារៀនទាំងនោះ ត្រូវមានស្តង់ដារសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២ សាលារៀន ត្រូវមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនត្រូវមានស្តង់ដារអប្បបរមា ។
លោក រស់ សុវាចា បានបន្តថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សា លើវិធានការ សុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច ។
អ្នកនាំពាក្យរូបនេះ លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជន ពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានា សម្រាប់ការបើកសាលាឡើងវិញ នាដំណាក់កាលទី១ នៅក្នុងសប្តាហ៍នេះ ។ ចំណែកដំណាក់កាលទី២ និងទី៣ ក្រសួង អប់រំនឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ ជាមុនសិន រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ ដោយយោងលើផែនការដែល ក្រសួងបានរៀបចំ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕