ប្រជាពលរដ្ឋមួយចំនួនហាក់សម្តែងការមិនពេញចិត្តចំពោះមន្ត្រីសាធារណៈមួយចំនួនតូចបានយកម៉ោងការងាររដ្ឋចុះមូលដ្ឋានពង្រឹងការងារបក្ស ធ្វើឲ្យរាំងស្ទះដល់ការបំពេញឯកសារនិងចុះហត្ថលេខាលើឯកសារផ្សេងៗ ។
ប្រជាពលរដ្ឋមួយរូបបាននិយាយថា លោកបានចំណាយពេលពេញមួយព្រឹកដើម្បីមកជួបមន្ត្រីនៃអង្គភាពរដ្ឋមួយ ប៉ុន្តែមិនទាន់ទាំងចូលដល់ក្លោងទ្វារបន្ទប់របស់មន្ត្រីនោះផង ក៍ស្រាប់តែមានមន្ត្រីម្នាក់ដើរពីក្រោយមកថា មេរបស់គាត់ចុះមូលដ្ឋានបាត់ហើយ មិនដឹងពេលណាគាត់ត្រឡប់មកវិញទេ ធ្វើឲ្យគាត់ដកដង្ហើមធំ ព្រោះពេលវេលាមានតម្លៃណាស់សម្រាប់ ហើយការឡើងមកពីខេត្ត ក៍ត្រូវចំណាយលុយច្រើននោះថែមទៀត ។
បុរសដែលសុំមិនបញ្ចេញឈ្មោះបន្តថា មិនទាន់ការបោះឆ្នោតផង មន្ត្រីបក្សកាន់អំណាចរវល់ប៉ុនហ្នឹងទៅហើយ ចុះទម្រាំដល់យុទ្ឋនាការឃោសនាបោះឆ្នោតទៀត ។
ពលរដ្ឋនោះសំណូមពរឲ្យមានការដាក់មន្ត្រីស្តីទីជំនួសនូវគ្រប់ពេលប្រធានអវត្តមានដោយប្រការណាមួយ ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
យ៉ាងណាកន្លងមក មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចធ្លាប់បានបញ្ជាក់ពីបញ្ហាខាងលើថា ការចុះមូលដ្ឋានរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺមិនយកម៉ោងការងារ ឬថ្ងៃបម្រើការងារប្រចាំថ្ងៃចុះនោះទេ គឺយកថ្ងៃសៅរ៍ ឬ អាទិត្យប៉ុណ្ណោះ មិនពាក់ព័ន្ឋនឹងម៉ោងការងាររដ្ឋនោះទេ ៕