ខាងលើនេះ ជាការលើកឡើងរបស់ក្រុមអ្នកតាមដានសង្គម ក៍ដូចជាមជ្ឈដ្ឋានមួយចំនួន បន្ទាប់ពីនៅចុងសប្តាហ៍មុននេះ មានការផ្ទុះកក្រើហ្វេសប៊ុកករណីអ្នកនិពន្ឋបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ធ្វើឲ្យប៉ះពាល់អារម្មណ៍ពលរដ្ឋអ្នកកើតនៅក្នុងខេត្តព្រៃវែង ក៍ដូចជាប៉ះពាល់ដល់ជាតិសាសន៍ខ្មែរទូទាំងនគរ មិនគួរអ្នកនិពន្ឋបទចម្រៀងនេះ ខ្វះគុណធ៌ម និងហ៊ានយកប៊ិចសរសេរប្រមាថអ្នកព្រៃវែង និង បង្កការរើសអើង ព្រមទាំងជាន់ពន្លិចដល់ជាតិសាសន៍ដែលធ្លាប់មានអរិយធ៌ម វប្បធ៌មប្រពៃណីទំនៀមទម្លាប់ សុភាពរាបសារថ្លៃថ្នូរនិងសាសនារុងរឿង ។
ករណីបទចម្រៀងដែលបង្កការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកស្ទើរបែកទូរស័ព្ទដៃដូចករណីខាងលើ មិនមែនជាលើកទី១នោះទេ កើតឡើងរាប់មិនអស់ ហើយថ្មីៗនេះ ទើបតែមានកើតឡើងនូវបទចម្រៀង«កណ្តៀវអូនស្រួយ» ឡើងផ្អើលមិនទាន់បាត់ក្លិនផង បែរជាចេញមកមួយទៀត ។
តើអ្នកនិពន្ឋមួយចំនួនតូច ដែលតែងបង្កការរិះគន់ពីប្រជាពលរដ្ឋ និងបង្កការរំខានដល់រាជរដ្ឋាភិបាល ខាងលើ នៅមានប៉ុន្មាននាក់ទៀត ហើយក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ និងក្រសួងជំនាញពាក់ព័ន្ឋនានា រាល់ថ្ងៃហ្នឹងគាត់កំពុងធ្វើអី ? យកល្អ រដ្ឋមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ គួរតែចុះចេញពីតំណែង ហើយប្រគល់ឲ្យអស់លោក លោកស្រីជាអ្នកនិពន្ឋប្រភេទមានមាត់អត់គម្របខាងលើ ឡើងមកកាន់តំណែងម្តងទៅ ព្រោះកន្លងមកសូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ធ្លាប់បានមានប្រសាសន៍របៀបព្រមានដល់អាជ្ញាធរថ្នាក់ខេត្ត ស្រុក ដែលបង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើង បងតូចបងធំ មិនបានទេ អោយក្មេងទំនើងបងតូចបងធំទាំងនោះ ឡើងកាន់តំណែងម្តងទៅ ។
អីក៍យ៉ាប់ អីយ៉ាប់យ៉ាងនេះ តើនៅស្រុកខ្មែរមានផលិតកម្មចម្រៀងប៉ុន្មាន និងអ្នកនិពន្ឋប្រចាំផលិតកម្មនីមួយៗនោះមានប៉ុន្មាននាក់ ហេតុអីក៍ពិបាកគ្រប់គ្រងម្ល៉េះ ឬ មួយមន្ត្រីជំនាញទៅយកតែលុយ ឬ ដាក់ខែយកលុយពីម្ចាស់ផលិតកម្មទាំងនោះឬយ៉ាងណា ? រីកចម្រើនទៅណារួច បើសូម្បីតែអ្នកនិពន្ឋដែលមួយចំនួនតូចកំពុងតែបំផ្លាញប្រពៃណីទំនៀមទម្លាប់ សីលធ៌ម សុជីវធ៌ម នាំសង្គមលិចលង់ បែរជាក្រសួងគ្រប់គ្រងមិនបានផងហ្នឹង ? ៕