ចាប់ខ្លួនឡាវម្នាក់ នាំគ្រឿងញៀនជាង៧គ.កចូលស្រុកខ្មែរ

ពី​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​មក​ថា បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ២០២០ នៅ​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។ សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៥​កញ្ចប់​ធំ ទម្ងន់​សរុប​ជាង​៧​គីឡូក្រាម ។​

​ប​ច្ចប្ប​ន្ន ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ឈ្មោះ ភិត ងិ​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ស្តាំ ឃុំ​កោះ​ស្តាំ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕