ទីបំផុតទៅសំណុំរឿងរំលោភដីសាធារណៈរបស់ប្រជាពលរដ្ឋពីសំណាក់អ្នកចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិនោះ ត្រូវបានដោះស្រាយរួចរាល់ចប់សព្វគ្រប់អស់ហើយ ដោយមានការចូលរួមដោះស្រាយពីលោក ព្រាប សុវត្ថិ ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី ។
នៅក្នុងការដោះស្រាយនោះ លោក ព្រាប សុវត្ថិ បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។
ចំណែកមន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាង ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៦ កក្កដា ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយរកឃើញថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋចំនួន៧០គ្រួសារ បាននាំគ្នាមកតវ៉ានៅមុខផ្ទះលោក ព្រាប សុវត្ថិ ដោយអះអាងថា អ្នកចម្រៀងរូបនេះ បានរំលោភផ្លូវសាធារណៈ និងធ្វើឲ្យរំខានអ្នកជិតខាង។
ការតវ៉ានាពេលនោះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរដោះស្រាយដោយឈប់ឲ្យលោក ព្រាប សុវត្ថិ ធ្វើរបងបំពានលើផ្លូវសាធារណៈ ឈប់ធ្វើរោងឈើបិទផ្លូវ ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំង ដេកពួនមិនបាន។
ក្រោយពីមានការតវ៉ាខាងលើ អាជ្ញាធរបានចុះមកដោះស្រាយជូនប្រជាពលរដ្ឋ៧០គ្រួសារនៅក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាច្រើនលើក ទើបនៅព្រឹកមិញនេះ ការដោះស្រាយបានបញ្ចប់ជាសា្ថពរហើយ ៕