ការផាកពិន័យចរាចរណ៍មិនដល់៦ខែបានជាង៣លានដុល្លារ

ចាប់តាំងពី​ការ​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​មក សមត្ថកិច្ច​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​១២,៥០១,១៨៥,០០០​រៀល ប្រហាក់ប្រហែល​ជាង​៣​លាន​ដុល្លារ ។​

​យ៉ាងណា​ក៍ដោយ ក្នុង​ទំហំ​ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​ផាកពិន័យ​ខាងលើ​នេះ គឺ​មិន​ទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០% ។​

​នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០២០ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​ឆមាស​ទី​១ និង ទិស​ដៅ​ឆមាស​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​ដោយឡែក បើ​តាម​របាយការណ៍​ដដែល គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន​១៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នក​ស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់ ។​

​របាយការណ៍​ក៍បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​នៃ​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។​

​បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕