សាលាក្រុងឲ្យក្លឹបកម្សាន្តនិង KTV បើកឡើងវិញ តែជា…

ទីបំផុត​ទៅ សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ម្ចាស់​ក្លឹ​ប​កម្សាន្ត និង ខារ៉ាអូខេ KTV បើក​ដំណើរការ​ឡើង​វិញ តែ​ត្រូវ​ប្រែក្លាយ​ក្លឹ​ប​កម្សាន្ត និង KTV ទៅ​ជា​ភោជនីយដ្ឋាន​វិញ ។​

​នេះ​បើ​យោង​តាម សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៧ កក្កដា ២០២០ របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ប៉ុន្មាន​នាទី​មុន​នេះ ។​

​យ៉ាងណា​ក៍ដោយ បើ​តាម​សេចក្តីជូនដំណឹង​ដដែល ក៍បាន​បញ្ជាក់​ដែរ​ថា មុន​ប្រែក្លាយ​ក្លឹ​ប​កម្សាន្ត និង KTV ទៅ​ជា​ភោជនីយដ្ឋាន ម្ចាស់​អាជីវកម្ម ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ និង គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​វិធានការ​របស់​ក្រសួងសុខាភិបាល​លើ​ការ​ទប់ស្កាត់​កូ​វី​ដ​១៩ និង វិធាន​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល ការ​ប្រែក្លាយ​ក្លឹ​ប​កម្សាន្ត​និង KTV ទៅ​ជា​ភោជនីយដ្ឋាន គឺជា​ការ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើង​វិញ ៕