ខេត្តសៀមរាប ៖ នៅថ្ងៃទី៦ កក្កដា ២០២០ អាជីវករចំនួន៤នាក់ទៀតហើយ បានស្ម័គ្រចិត្តរុះរើហាងរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ដ ប្រគល់ទីតាំងអោយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំសួន អោយក្លាយជាតំបន់ទេសភាពបៃតង ។
ម្ចាស់ភោជនីយដ្ឋានទាំង៤នាក់ ដែលស្ម័គ្រចិត្តរុះរើ បានឲ្យដឹងថា ពួកគាត់បានលក់ដូរនៅទីតាំងខាងលើនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ ពីដើមឡើយ រូបលោកពុំដែលគិតទេថា នឹងត្រូវរុះរើចាកចេញ ត្បិតរយៈពេលជាង២០ឆ្នាំ វាស្ទើរតែក្លាយ ទៅជាកម្មសិទ្ធិស្របច្បាប់ទៅហើយ ។ ប៉ុន្តែពេលនេះ យល់ព្រមរើតូបលក់ដូរនេះ គឺដើម្បីរួមចំណែកកិច្ចការអភិវឌ្ឍ និងការរៀបចំបរិស្ថាន មុខអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ បន្ទាប់ពីមានការពន្យល់ជាក់លាក់ពីតម្លៃ នៃប្រាសាទអង្គរ របស់ស្ថាប័នអប្សរា ។ ពួកគាត់យល់ឃើញថា ទោះមុន ឬក្រោយ ក៏ត្រូវតែចាកចេញ ។
គួរបញ្ជាក់ដែរថា នេះជាសំណង់ភោជនីយដ្ឋានទី១៥ហើយ ដែលបានរុះរើ ក្នុងចំណោមសំណង់សរុប១៥០ខ្នង នៅមុខប្រាសាទអង្គរ ។ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុង នៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេស ដែលសរុបជាង១៥០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ច ដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ៕