លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា លោកកំពុងរងកម្មក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់អ្នកមានបុណ្យស័ក្តិធំៗនៅខេត្តមណ្ឌលគិរី ។
បើតាមលោក ស ខេង នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ។
លោកប្រមុខមហាផ្ទៃថ្លែងបញ្ជាក់អះអាងខាងលើយ៉ាងដូច្នេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៧ កក្កដា ២០២០ ក្នុងពិធីបូកសរុបលទ្ឋផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ។
លោក ស ខេង បន្ថែមបែបនេះថា «ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ» ។
លោកបានបញ្ជាក់ថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»៕