ពីសាលាដំបូងរាជធានីភ្នំពេញ មានសេចក្តីរាយការណ៍មកថា លោកឧកញ៉ា សង ថន និង អតីតអភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាំខ្លួនលោកទាំងពីរទៅដាក់ពន្ឋនាគារហើយ ក្រោយការសាកសួរពាក់ព័ន្ឋនឹងសំណុំរឿងដីធ្លី៥០០០ហិកតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងអស់រយៈពេលជិត២ថ្ងៃនោះរួចមក ។
ក្រោយការសាកសួរអស់ពេលមួយថ្ងៃជាងនោះមក កាលពីព្រឹកមិញ លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក ។ ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។
លោកឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នាំខ្លួនមកសាកសួរកាលពីថ្ងៃទី២៧ មិថុនា ។ ឯលោក ស៊ូ អារ៉ាហ្វាត អតីតអភិបាលរងខេត្តបាត់ដំបង ក៍ត្រូវបាន ACU នាំខ្លួនមកសួរនាំកាលពីព្រលប់ថ្ងៃទី០១ កក្កដា ។ ការនាំខ្លួនជនទាំងពីរមកសួរនាំពីសំណាក់ ACU មុនពេលបញ្ចូនបន្តមកសាលាដំបូងរាជធានីភ្នំពេញដើម្បីចោទប្រកាន់និងសម្រេចឃុំខ្លួននៅរសៀលនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ តែបានឲ្យលោក ម៉ៅ សុចាន់ មកបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញកាលពីថ្ងៃទី ។
កាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីរបស់លោកដោយបញ្ជាក់ថា បញ្ហាពុករលួយក្នុងទំនាស់ដីធ្លីដល់ពេលត្រូវធ្វើការវះកាត់ហើយ ខណៈបញ្ហាទំនាស់ដីធ្លីបានកើតមានជាច្រើនឆ្នាំមកហើយ ៕