ក្រសួងសាធារណការ និងក្រុមហ៊ុន Royal Group កំពុងពិចារណាបិទខ្សែរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារមិនសូវមានអ្នកដំណើរជិះ ព្រោះមិនមានយន្តហោះហោះចេញចូលច្រើន ។
នេះបើយោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលថ្លែងក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៧ កក្កដា ២០២០ ។
សូមបញ្ជាក់ថា ក្រោយការសាងសង់ខ្សែរថភ្លើងពីស្ថានីយ៍ភ្នំពេញ មកព្រលានយន្តហោះពោធិចិនតុង មជ្ឈដ្ឋាននានាមួយចំនួនបានធ្វើការរិះគន់ ព្រោះខ្សែរថភ្លើងនេះ បានបង្កការគ្រោះថ្នាក់ដល់ធ្នកធ្វើដំណើរអមសាងខាងផ្លូវជាបន្តបន្ទាប់ និង ជាពិសេសបង្កការកកស្ទះចរាចរណ៍នោះថែមទៀត ។
ក្រុមអ្នកតាមដានសង្គម បានលើកឡើងថា មន្ត្រីជំនាញមួយចំនួនតូចខាងសាធារណការនៅស្រុកខ្មែរ ច្រើនតែគូររួចបានគិត ។ ជាក់ស្តែងដូចករណីសាងសង់ស្ពានអាកាសក្បាលថ្នល់ ឥឡូវនេះបានធ្វើការសាងសង់បន្ថែមដៃស្ពានមួយចំនួនទៀតដើម្បីបញ្ជៀសការកកស្ទះ និងត្រៀមសាងសង់ស្ពានអាកាសមួយទៀត នៅចំណុចច្រមុះជ្រូកក្បាលដ្នល់ដដែលនោះ ..៕